(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) កាលពីថ្ងៃអាទិត្យបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការយន្តហោះ Boeing 737-900ER ត្រួតពិនិត្យទ្វារដែលដំឡើង ដើម្បីបិទភ្ជិតប្រហោងទ្វារអាសន្ន ដើម្បីធានាថា យន្តហោះទាំងនោះមានសុវត្ថិភាព បន្ទាប់ពីប្រតិបត្តិករមួយចំនួន បានរាយការណ៍ពីបញ្ហាពាក់ព័ន្ធនឹងប៊ូឡុងភ្ជាប់ទ្វារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អនុសាសន៍នេះធ្វើឡើងបន្ទាប់ពីរដ្ឋបាល FAA បញ្ឈប់យន្តហោះ Boeing 737 MAX 9 ចំនួន ១៧១គ្រឿងមិនឱ្យហោះហើរ បន្ទាប់ពីមានករណីរបើកទ្វារបិទភ្ជិតប្រហោងទ្វារអាសន្នក្នុងឡុងពេលហោះហើរយន្តហោះ MAX 9 ដែលមានអាយុ ៨សប្តាហ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines កាលពីថ្ងៃទី៥ ខែមករា។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ យន្តហោះម៉ូដែល 737-900ER មិនមែនជាផ្នែកនៃក្រុមយន្តហោះម៉ូដែល MAX ថ្មីទេ ប៉ុន្តែយន្តហោះនេះមានការរចនាទ្វារបិទភ្ជិតប្រហោងទ្វារបណ្តោះអាសន្នដូចគ្នាដើម្បីប្រើប្រាស់លំហរត្រង់ចំណុចទ្វារបណ្តោះអាសន្ននោះមកបំពាក់កៅអីថែមនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍មានបំណងបំពាក់កៅអីថេមទៀត។

រដ្ឋបាល FAA បានចេញ «សារដាស់តឿនសុវត្ថិភាពសម្រាប់ប្រតិបត្តិករ» ដែលបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានធ្វើការត្រួតពិនិត្យបន្ថែមលើទ្វារបិទភ្ជិតប្រហោងទ្វារបណ្តោះអាសន្ននៅកណ្តាលតួយន្តហោះ 737-900ER «ហើយបានកត់សម្គាល់ឃើញមានបញ្ហាប៊ូឡុងក្នុងអំឡុងពេលត្រួតពិនិត្យការថែទាំ»

រដ្ឋបាល FAA បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនអាកាសចរណ៍ អនុវត្តផ្នែកសំខាន់ៗនៃនីតិវិធីថែទាំគ្រឿងបង្គុំ នៅលើតួយន្តហោះទាក់ទងនឹងប៊ូឡុងទាំងបួន ដែលប្រើដើម្បីភ្ជាប់ទ្វារទៅនឹងតួយន្តហោះ «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

អ្នកនាំពាក្យក្រុមហ៊ុន Boeing បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងគាំទ្រយ៉ាងពេញទំហឹងដល់ FAA និងអតិថិជនរបស់យើងនៅក្នុងសកម្មភាពនេះ»