(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក (NTSB) កំពុងពិនិត្យមើលខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Boeing បន្ទាប់ពីបានបញ្ជាក់កាលពីថ្ងៃពុធថា ទ្វារបិទចោលដែលបានរបើកចេញពីយន្តហោះរបស់ក្រុមហ៊ុន Alaska Airlines ផលិតនៅប្រទេសម៉ាឡេស៊ី។

កាសែត Channel News Asia បានរាយការណ៍ថា ទ្វារបិទចោលដែលបានរបើកនៅលើយន្តហោះ Boeing 737 MAX 9 ផលិតនៅក្នុងប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Spirit AeroSystems ដែលជាក្រុមហ៊ុនផលិតតាមកិច្ចសន្យាចម្បងរបស់ក្រុមហ៊ុន Boeing។

អ្នកស្រី Jennifer Homendy ប្រធានក្រុមប្រឹក្សា NTSB បាននិយាយថា ក្រុមប្រឹក្សារបស់អ្នកស្រីកំពុងស៊ើបអង្កេតខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល រាប់ចាប់ពីការដឹកជញ្ជូនពីម៉ាឡេស៊ីទៅសហរដ្ឋអាមេរិក ការដឹកជញ្ជូនតាមរថភ្លើងទៅកាន់ទីតាំងផលិតរបស់ក្រុមហ៊ុន Boeing នៅទីក្រុង Renton និងការដំឡើងទ្វារនេះនៅលើតួយន្តហោះ។

យោងតាមកាសែត Channel News Asia លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបានថ្លែងកាលពីថ្ងៃសុក្រថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីបានស្នើផ្តល់ជំនួយលើកិច្ចការត្រួតពិនិត្យនេះដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA)។

លោកបានបន្ថែមថា ទោះបីទ្វារបិទចោលដែលបានរបើកនេះត្រូវបានផលិតនៅក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ ប៉ុន្តែធាតុផ្សំផលិតកម្មត្រូវបានអនុម័តដោយរដ្ឋបាល FAA។ លោក Loke បានមានប្រសាសន៍ថា៖ «ដូច្នេះ ទោះបីជាទ្វារនេះត្រូវបានផលិតនៅក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ ក៏ការអនុម័តផលិតផលស្ថិតក្រោមរដ្ឋបាល FAA»

លោកបានបន្ថែមថា៖ «អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសម៉ាឡេស៊ីបានទាក់ទងយ៉ាងសកម្មទៅកាន់រដ្ឋបាល FAA ដើម្បីផ្តល់ជំនួយរបស់ខ្លួនបន្ទាប់ពីមានរបាយការណ៍បង្ហាញថា ទ្វារបិទចោលដែលបានរបើកនេះត្រូវបានបញ្ជាក់ថាផលិតនៅម៉ាឡេស៊ី»។ លោកបន្តថា៖ «ទោះជាយ៉ាងណា ពួកគេ [រដ្ឋបាល FAA] បាននិយាយថា ពួកគេនឹងត្រលប់មករកពួកយើងវិញ ប្រសិនបើពួកគេត្រូវការជំនួយ»

ជើងហោះហើរលេខ ១២៨២ របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានជួបឧប្បទ្ទវហេតុរបើកទ្វារបិទចោលដែលគេបិតភ្ជិតនៅត្រង់ចំណុចទ្វារអាសន្នក្នុងពេលកំពុងហោះហើរនៅថ្ងៃទី៥ ខែមករាដែលបណ្តាលឱ្យមានការចុះចតជាបន្ទាន់៕