(ប៉េកាំង)៖ ទិន្នន័យបង្ហាញកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានទម្លាក់អារ៉ាប៊ីសាអូឌីត និងក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅច្រើនជាងគេរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣ ខណៈចិនដែលជាប្រទេសនាំចូលប្រេងឆៅធំបំផុតក្នុងពិភពលោកបានផ្គើននឹងទណ្ឌកម្មលោកខាងលិចក្នុងការទិញប្រេងដែលលក់បញ្ចុះតម្លៃក្នុងបរិមាណដ៏ច្រើនសម្រាប់រោងចក្រកែច្នៃរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរយទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយរដ្ឋបាលគយចិនថា រុស្ស៊ីបាននាំចេញប្រេងឆៅចំនួន ១០៧,០២លានតោនទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន ស្មើនឹង ២,១៤ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ច្រើនជាងឆ្ងាយបើធៀបនឹងប្រទេសនាំចេញប្រេងសំខាន់ៗផ្សេងទៀតដូចជា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។

ការនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលពីមុនជាអ្នកផ្គត់ផ្គង់ធំជាងគេទៅឱ្យប្រទេសចិន បានធ្លាក់ចុះ ១,៨ភាគរយ មកនៅត្រឹម ៨៥,៩៦លានតោន ដោយសារប្រទេសផលិតប្រេងធំជាងគេនៅមជ្ឈិមបូព៌ាមួយនេះបានបាត់បង់ចំណែកទីផ្សារទៅឱ្យរុស្ស៊ីដែលលក់ប្រេងក្នុងតម្លៃថោកជាង។

ដោយសារអតិថិជនអន្តរជាតិជាច្រើនបានឈប់ទិញប្រេងរុស្ស៊ីបន្ទាប់ពីមានការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចជុំវិញការឈ្លានពានរបស់វិមានក្រឹមឡាំងទៅលើប្រទេសអ៊ុយក្រែននៅឆ្នាំ២០២២ ប្រេងឆៅរបស់រុស្ស៊ីបានជួញដូរបញ្ចុះតម្លៃខ្លាំងធៀបនឹងតម្លៃស្តង់ដារអន្តរជាតិកាលពីឆ្នាំមុនក្នុងគ្រាដែលមានវិធានការកំណត់តម្លៃលើការជួញដូរប្រេងឆៅដោយប្រទេសលោកខាងលិច។

ការកើនឡើងតម្រូវការប្រេងពីក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន និងឥណ្ឌានូវប្រេងឆៅដែលលក់ចុះថ្លៃនេះបានបង្កើនតម្លៃប្រេងឆៅប្រភេទ ESPO របស់រុស្ស៊ីរហូតចូលដល់ឆ្នាំ២០២៣ ដល់ខ្ពស់ជាង ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែលដែលជាកម្រិតកំណត់ដោយក្រុមប្រទេស G7 ដែលបានដាក់ចេញកាលពីខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕