(ញូវដែលី)៖ តម្លៃប្រេងឆៅបានជួញដូរក្នុងតម្លៃមួយដែលរក្សាបាននូវស្ថិរភាពនៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលបញ្ហាសេដ្ឋកិច្ចបានដាក់សម្ពាធលើចក្ខុវិស័យតម្រូវការប្រេងពិភពលោក និងជួយប៉ះប៉ូវកង្វល់ភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងការវាយប្រហារលើស្ថានីយនាំចេញឥន្ធនៈរបស់រុស្ស៊ីកាលពីចុងសប្តាហ៍។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៩សេន ឬ ០,១ភាគរយដោយជួញដូរក្នុងតម្លៃ ៧៨,៤៧ដុល្លារក្នុងមួយបារ៉ែលនៅរសៀលថ្ងៃចន្ទបន្ទាប់ពីបានធ្លាក់ចុះ ៥៤សេនកាលពីថ្ងៃសុក្រ។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែកុម្ភៈ បានកើនឡើង ១១សេនដោយជួញដូរក្នុងតម្លៃ ៧៣,៥២ដុល្លារក្នុងមួយបារ៉ែល។
លោក Tony Sycamore អ្នកវិភាគបម្រើការនៅក្រុមហ៊ុន IG បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការបើកដំណើរការជួញដូរប្រេងឆៅឡើងវិញនៅព្រឹកនេះ បង្ហាញពីអារម្មណ៍បច្ចុប្បន្ននៅក្នុងទីផ្សារប្រេងឆៅ ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅអឺរ៉ុប និងមជ្ឈិមបូព៌ាក៏ដោយ»
តម្លៃប្រេងឆៅស្ទើរតែមិនប្រែប្រួលទោះបីជាមានការចោទប្រកាន់ថាមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅឯស្ថានីយនាំចេញឥន្ធនៈរបស់រុស្ស៊ីក៏ដោយ។ ក្រុមហ៊ុនផលិតប្រេងរុស្ស៊ី Novatek បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបានបង្ខំចិត្តផ្អាកប្រតិបត្តិការមួយចំនួននៅឯស្ថានីយប្រេងនៅសមុទ្របាល់ទិក ដោយសារតែភ្លើងឆេះ។
លោក Vandana Hari ស្ថាបនិកក្រុមហ៊ុនផ្តល់ការវិភាគទីផ្សារប្រេង Vanda Insights បានប្រាប់រ៉យទ័រថា ប្រសិនបើមិនកើតមានបញ្ហាណាមួយធំដុំទេ ប្រេងឆៅមិនប្រែប្រួលតម្លៃខ្លាំងទេ តែមានសម្ពាធធ្លាក់ចុះមួយចំនួន។
នៅតំបន់មជ្ឈិមបូព៌ា សង្រ្គាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង ខណៈពេលដែលសហរដ្ឋអាមេរិកបានវាយប្រហារមីស៊ីលប្រឆាំងនាវា ដែលត្រៀមបាញ់ចូលទៅក្នុងឈូងសមុទ្រ Aden ដោយក្រុមសកម្មប្រយុទ្ធហ៊ូទី (Houthi) របស់ប្រទេសយេម៉ែននៅថ្ងៃសៅរ៍៕