(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យទេសចរណ៍ដ៏ល្បីឈ្មោះមួយរូប គឺលោកស្រី ឆាយ ស៊ីលីន ដែលបានប្រឡូកក្នុងវិស័យនេះ ​ប្រមាណ ៣០ឆ្នាំមកហើយបាន​កត់សម្គាល់ថា​ ​វិស័យទេសចរណ៍ជារបរដែលងាយស្រួលរកស៊ី ដោយកម្ពុជាមានទីកន្លែងជាច្រើន សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

​ប្រធានសមាគមទេសចរណ៍រូបនេះ លើកឡើងថា ក្នុងអំឡុងពេលមានវិបត្តិ មនុស្សជាច្រើនអាចនឹងមើលឃើញថា ការរកស៊ីក្នុងវិស័យទេសចរណ៍ជាអាជីពដែលងាយរងហានិភ័យ ប៉ុន្តែរបរនេះ គឺមានសុវត្ថិភាពជាងគេសម្រាប់អ្នករកស៊ី ដោយ​អ្នកប្រកបរបរគ្រាន់តែផ្តល់នូវសេវាកម្មប៉ុណ្ណោះ។

​លោកស្រីបន្តថា កម្ពុជាគឺជាប្រទេសដែលមាន​ភាពសំបូរបែប នូវសក្តានុពលទេសចរណ៍ ដោយមានទាំងតំបន់ទេសចរណ៍បែបសម្បត្តិវប្បធម៌ តំបន់អេកូទេសចរ​ណ៍ មានទេសភាពដ៏ស្រស់បំព្រង និងមានតំបន់ឆ្នេរដ៏ស្រស់ស្អាត។ ប្រសិនបើអ្នករកស៊ី ចង់ប្រកបអាជីពនេះ គ្រាន់តែដុសខាត់ កែច្នៃ បង្កើតជាផលិតផល និងសេវាកម្ម ដែលទាក់ទាញដល់ភ្ញៀវទេសចរ ​ពួកគេនឹងទទួលបានអត្ថប្រយោជន៍ ពីភ្ញៀវដែលមកទស្សនា។

​លោកស្រីបន្ត វិស័យទេសចរណ៍ គឺជាវិស័យដែលនាំចេញនៅនឹងកន្លែង ដែលជាទូទៅភ្ញៀវដែលមកដើរកម្សាន្ត តែងតែត្រូវការការផ្គត់ផ្គង់ផ្សេងៗ ដូចជាអាហារ ការដឹកជញ្ជូន សេវាកម្មស្នាក់នៅ ​និងវត្ថុអនុស្សាវរីយ៍ជាដើម។ ដូច្នេះហើយអ្នករកស៊ីអាចស្វែងយល់ពីការបង្កើត ពីអ្វីដែលភ្ញៀវត្រូវការទាំងនេះ។

តែយ៉ាងណាមិញ លោកស្រីបញ្ជាក់ថា ភ្ញៀវទេសចរភាគច្រើន គឺចូលចិត្តអ្វីដែលថ្មី ប្លែក ហេតុនេះហើយ អ្នករកស៊ីក្នុងវិស័យនេះ ត្រូវមានភាពឆ្លាតវៃ ក្នុងការបង្កើតនូវផលិតផល និងសេវាកម្មទេសចរណ៍ប្លែក និងសិក្សានូវកន្លែងថ្មីៗ ទីតាំងទេសចរណ៍ថ្មី
​ដើម្បីទាក់ទាញភ្ញៀវទេសចរ៕