(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បាន​ឱ្យដឹងថា គិតមកទល់ដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុនចំនួន២៣ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រមូលទុនបានប្រមាណ ៣៧៩លានដុល្លារអាមេរិក​ ដើម្បីយកទៅពង្រីកអាជីវកម្ម។

ក្នុង​ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន តែលកូថេក (Telcotech Ltd.) នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរ បានថ្លែងថា ផ្សារមូលបត្រកម្ពុជានឹងក្លាយជាជម្រើសដ៍ល្អបំផុត ក្នុងការជួយគាំទ្រម្ចាស់អាជីវកម្ម ដែលកំពុងត្រូវការមូលធន ជាពិសេសនៅក្នុងកាលៈទេសៈនេះ ដែលស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មានសភាពមិនអំណោយផល តាមរយៈការធ្វើពិពិធកម្មមូលធន មិនថាជាការលក់ភាគហ៊ុន ឬកម្ចី ។

​លោកលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ ចេះប្រើប្រាស់លុយអ្នកដទៃ ដើម្បីពង្រីក និងជំរុញកំណើនសក្ដានុពលអាជីវកម្មប្រកបដោយចីរភាព និងឆ្ពោះទៅកាន់យុគសម័យឌីជីថល។ លើសពីនេះ ផ្សារមូលបត្រកម្ពុជា ក៏នឹងក្លាយជាទីកន្លែងមួយ ដែលផ្តល់នូវជម្រើសឧបករណ៍ហិរញ្ញវត្ថុល្អៗ ដែលនេះនឹងបង្កើតនូវចំណូលអកម្ម និងផ្តល់នូវសេរីភាពហិរញ្ញវត្ថុ ជូនទៅដល់វិនិយោគិនទួទៅផងដែរ។

​បើតាមលោក ហុង សុហួរ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យមសម្រាប់ឆ្នាំ២០២៣ ដែលទើបនឹងបានបញ្ចប់ មានប្រមាណ ១៣ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃ ជាមធ្យមមានប្រមាណជា ២១ម៉ឺនដុល្លារអាមេរិក។

​លោកបានឱ្យដឹងផងដែរថា ចំនួនគណនីជួញដូរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមកទល់ពេលនេះ ​គណនីបានកើនឡើងដល់​ ៤៩,០០០ គណនី ក្រោយពី​បានសម្ពាធ និងដាក់ឱ្យដំណើរការនូវមុខងារបើកគណនីជួញដូរអនឡាញ ដែលផ្តល់ភាពងាយស្រួល និងរហ័សជូនទៅដល់វិនិយោគិន។

លោកបន្តថា «លទ្ធផលដ៏គាប់ប្រសើរនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស មានការគាំទ្រខ្លាំងពីនិយ័តករមូលបត្រកម្ពុជា ដូច្នេះសម្រាប់ឆ្នាំ២០២៤នេះ យើងកំណត់គោលដៅ ១០ម៉ឺនគណនីជួញដូរ គឺជាគោលដៅមួយដែលអាចនឹងសម្រេចបាន ហើយយើងក៍បានដាក់នូវមហិច្ឆិតាធំមួយទៀត គឺទទួលបានទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ១០០លានដុល្លារអាមេរិកត្រឹមឆ្នាំ២០៣០ ផងដែរ»។​

លោកបន្ថែមទៀតថា ឆ្នាំ២០២៤នេះ ​នឹងក្លាយជាជាឆ្នាំពិសេសមួយ ​ដោយ CSX នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការនាំយកនូវឧបករណ៍ហិរញ្ញវត្ថុថ្មីៗដែលគាំទ្រ និងជំរុញដល់ការចុះបញ្ជីរបស់ក្រុមហ៊ុនសក្ដានុពល និងការអភិវឌ្ឍទៅលើវិធីសាស្ត្រថ្មីៗ លើមុខងារជួញដូរ ដើម្បីទាក់ទាញនូវវិនិយោគិនថ្មីៗ ក៏ដូចជាបំពេញនូវចំណង់របស់វិនិយោគិនចាស់ៗផងដែរ ខណៈនៅដើមសប្តាហ៍នេះ CSX ទើបតែសម្ពាធ និងដាក់ឱ្យដំណើរការនូវមុខងារទូទាត់ នូវប្រតិបត្តិការជួញដូរជាប្រាក់ដុល្លារ (USD Settlement) ដើម្បីជួយកាត់បន្ថយនូវហានិភ័យអត្រាប្តូរប្រាក់ ក៏ដូចជាជួយសម្រួលដល់វិនិយោគិនដែលមានគណនីសាច់ប្រាក់ជាដុល្លារ។

សូមជម្រាបថា ​គិតមកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី និងប្រមូលទុនពីសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា រួមមានចំនួន២៣ ដែលក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ១២ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម៕