(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការបង្កើតសហគមន៍ទេសចរណ៍ជាគន្លឹះល្អបំផុត ក្នុងការបម្រើសេវាកម្មទេសចរណ៍​បែបអេកូទេសចរណ៍ នៅតំបន់ទេសចរណ៍ឆ្ងាយៗ និងជួយដល់ជីវភាពប្រជាសហគមន៍។

ថ្លែងនៅក្នុងកម្មវិធី FRESH BUSINESS ​លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ការជំរុញបង្កើតឱ្យមានសហគមន៍ទេសចរណ៍គឺជាគន្លឹះល្អបំផុត ដើម្បីផ្តល់នូវសេវាកម្ម ទៅឱ្យភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវ​ដែលចូលចិត្ត​ចូលចិត្តតំបន់អេកូទេសចរណ៍ ព្រោះនៅពេលដែលពួកគេបានទៅដល់តំបន់ណា ពួកគាត់តែងតែចង់សេវាកម្មទេសចរណ៍បែបសហគមន៍។

លោកស្រីកត់សម្គាល់ថា បច្ចុប្បន្ននេះ ការបង្កើតនូវសហគមន៍ទេសចរណ៍តូចៗនៅតាមតំបន់ទេសចរណ៍ឆ្ងាយៗនៅមានកម្រិតនៅឡើយ។

លោកស្រីអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការគាំទ្រ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីឱ្យពួកគាត់មានលទ្ធភាពបង្កើតសហគមន៍ទេសចរណ៍ ​និងធ្វើឱ្យពួកគាត់មានភាពរឹងមាំ ​ក៏ដូចជាមានលទ្ធភាពផ្តល់នូវសេវាកម្មច្រើនបែបដល់ភ្ញៀវទេសចរ ទាំងការដឹកជញ្ជូន ការផ្គត់ផ្គង់អាហារ និងការស្នាក់នៅ ព្រមតែការកែច្នៃផលិតជាវត្ថុអនុស្សាវរីយ៍ជាដើម។

ការគាំទ្រដល់ពួកគាត់ គឺធ្វើឡើងតាមរយៈការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ​ការផ្តល់ថវិកាបដិភាគ ឬការផ្តល់កម្ចីដែលមានលក្ខណៈអនុគ្រោះ។ សហគមន៍ទាំងនោះ ពិតជាត្រូវការគាំទ្រ ព្រោះកន្លងមកពួកគាត់ដំណើរការបានដោយសារដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ហើយនៅពេលដែល អង្គការ ដៃគូអភិវឌ្ឍន៍ទាំងនោះបញ្ចប់គម្រោង នោះអាចនឹងធ្វើឱ្យពួកគាត់ប្រឈមនឹងការដួលរលំដែរ៕

ខាងក្រោមនេះជាការលើកឡើងរបស់អ្នកស្រី ឆាយ ស៉ីវលីន៖