(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍សម្ពោធដ៏ធំនៃសភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC) ក្នុងគោលបំណងដើម្បីជំរុញ និងសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងឥណ្ឌា ជាពិសេសទាក់ទាញសហគមន៍ធុរកិច្ចឥណ្ឌាមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង តាមរយៈការផ្តល់កិច្ចសហការ និងការគាំទ្រចាំបាច់នានា។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ព្រមទាំងឥស្សរជនរបស់រដ្ឋាភិបាលទាំង២ កម្ពុជា ឥណ្ឌា, អ្នកឧកញ៉ា ឧកញ៉ាជាអ្នកដឹកនាំធុរកិច្ចធំៗ និងអ្នកពាក់ព័ន្ធសំខាន់ៗ មកពីសហគមន៍ធុរកិច្ចឥណ្ឌា-កម្ពុជាជាច្រើនរូបទៀត នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងអំពីអរិយធម៌ និងវប្បធម៌ ដែលមានភាពស្រដៀងគ្នានៃប្រទេសឥណ្ឌា និងកម្ពុជា និងការដែលធុរកិច្ច និងពាណិជ្ចកម្មបានផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យមានភាពជិតស្និទ្ធនឹងគ្នា ដូចមានចែងក្នុងប្រវត្តិសាស្រ្តកន្លងមក។

លោកស្រីមានប្រសាសន៍ថា «កម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចដំណើរការល្អមួយនៅអាស៊ី ដោយកម្ពុជាបានរក្សាកំណើនខ្ពស់ក្នុងអត្រាជាមធ្យម ៧ភាគរយ អស់រយៈពេលជាងពីរទសវត្សរ៍មុនពេលជំងឺរាតត្បាតកូវីដ។ ដោយឡែកបន្ទាប់ពីជំងឺរាតត្បាត សេដ្ឋកិច្ចរបស់កម្ពុជាបានស្ទុះងើបឡើងវិញ ដោយទទួលបានកំណើន ៥,២ភាគរយ ក្នុងឆ្នាំ២០២២ និង៥,៤ភាគរយ ក្នុងឆ្នាំ២០២៣»

ថ្លែងក្នុងកម្មវិធីដាក់ឱ្យដំណើការ IBCC លោកស្រីឯកអគ្គរដ្ឋទូត បង្ហាញភាពជឿជាក់ថា «ប្រទេសកម្ពុជាគ្រោងនឹងប្រែក្លាយឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ប្រាកដណាស់ថា ជាមួយនឹងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជានឹងកំណត់អត្រាកំណើន ៧ភាគរយ ម្តងទៀត»

វិស័យជាច្រើនរួមមាន កសិកម្ម ឧស្សាហកម្មកែច្នៃម្ហូបអាហារ យានជំនិះ គ្រឿងបន្លាស់រថយន្ត បច្ចេកវិទ្យាព័ត៌មាន សេវាកម្មសំណង់ និងបរិក្ខារ ឱសថ វាយនភណ្ឌ ទេសចរណ៍ ការអប់រំ និងថាមពលកកើតឡើងវិញ បានផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនឥណ្ឌាធ្វើអាជីវកម្មនៅកម្ពុជា និងជំរុញការបង្កើតភាពជាដៃគូសម្រាប់កំណើន និងការពង្រីកនៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ កម្ពុជាអាចជាច្រកផ្លូវដ៏សំខាន់មួយសម្រាប់ធុរកិច្ចឥណ្ឌា ឈានឆ្ពោះទៅរកបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងលើសពីនេះ។

ជាមួយគ្នានេះ តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកជំនួយដែលអាចធ្វើទៅបានដល់ IBCC ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូដ៏រីកចម្រើនរវាងសហគមន៍ធុរកិច្ចឥណ្ឌា និងកម្ពុជា។

លើសពីនេះ លោកស្រីបណ្ឌិត Devyani Khobragade បានបញ្ជាក់ថា IBCC នឹងក្លាយជាកាតាលីករក្នុងការជំរុញគំនិតផ្តួចផ្តើមក្នុងវិស័យឯកជន ហើយភាគីទាំងពីរក៏បានចុះអនុស្សារនៈយោគយល់លើការតភ្ជាប់ការទូទាត់តាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទូទាត់ឆ្លងដែន និង ការផ្ទេរប្រាក់រវាងឥណ្ឌា និងកម្ពុជា។

នាឱកាសដ៏ឧត្តុង្គឧត្តមនេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ពេជ ឫទ្ធី បានថ្លែងអំណរគុណ និងអបអរសាទរចំពោះស្ថានទូតឥណ្ឌា និងសភាធុរកិច្ចឥណ្ឌាប្រចាំនៅកម្ពុជា ដែលបានបង្កើតជាផ្លូវការ ដែលនឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពធុរកិច្ចផ្សេងទៀតរវាងកម្ពុជា និងឥណ្ឌា។

លោកបានបន្ថែមថា សភាធុរកិច្ចឥណ្ឌានៅកម្ពុជា នឹងផ្តល់ឱកាសសម្រាប់ធុរជន និងវិនិយោគិន ឱ្យបានស្គាល់សមាជិកសហគមន៍ធុរកិច្ច ម្ចាស់អាជីវកម្ម និងអ្នកជំនាញផ្សេងៗទៀតនៅក្នុងវិស័យនានា។

សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយក្រុមសហគ្រិន និងអ្នកដឹកនាំធុរកិច្ចឥណ្ឌា។ IBCC ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា និងដើម្បីផ្តល់វេទិកាសម្រាប់បណ្តាញ និងកិច្ចសហការរវាងធុរកិច្ចឥណ្ឌា និងកម្ពុជា។

ចក្ខុវិស័យរបស់ IBCC គឺដើម្បីក្លាយជាសភាពាណិជ្ជកម្មឈានមុខគេក្នុងប្រទេសកម្ពុជា ដែលនឹងរួមចំណែកគាំទ្រអាជីវកម្មឥណ្ឌាឱ្យទទួលបានជោគជ័យ និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា។

បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំនួនទឹកប្រាក់នៃការនាំទំនិញពីកម្ពុជាទៅឥណ្ឌាបានកើនឡើងជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០២៣កន្លងមក សម្រេចបានជិត ៣០០លានដុល្លារ កើនឡើងជិត ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ៤៨៥លានដុល្លារ៕