(ដាវ៉ូស)៖ អង្គការប្រឆាំងភាពក្រីក្រ Oxfam បានឱ្យដឹងថា ទ្រព្យសម្បត្តិរួមបញ្ចូលគ្នារបស់មហាសេដ្ឋកិច្ចមានបំផុតទាំងប្រាំនៅក្នុងពិភពលោកបានកើនឡើងទ្វេដងដល់ ៨៦៩ពាន់លានដុល្លារគិតចាប់តាំងពីឆ្នាំ២០២០មក ខណៈដែលមនុស្សចំនួន ៥ពាន់លាននាក់បានធ្លាក់ខ្លួនក្រជាងមុន។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

របាយការណ៍របស់អង្គការ Oxfam ដែលបានចេញផ្សាយនៅពេលដែលឥស្សរជនជំនួញប្រមូលផ្តុំគ្នាក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសបានរកឃើញថានាពេលបច្ចុប្បន្ន មហាសេដ្ឋីម្នាក់កំពុងគ្រប់គ្រង ឬជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនចំនួន៧ ក្នុងចំណោមក្រុមហ៊ុនធំបំផុតលើពិភពលោកចំនួន១០។

យោងតាមកាសែត VN Express នៅថ្ងៃចន្ទសប្តាហ៍នេះ អង្គការ Oxfam បានអំពាវនាវរឱ្យដ្ឋាភិបាលនានាគ្រប់គ្រងអំណាចសាជីវកម្មតាមរយៈការបំបែកភាពផ្តាច់មុខនៃអាជីវកម្ម ការដំឡើងពន្ធលើប្រាក់ចំណេញនិងទ្រព្យសម្បត្តិដែលមានច្រើនលើសលុប និងការលើកកម្ពស់ជម្រើសនានាក្នុងការគ្រប់គ្រងរបស់ម្ចាស់ភាគហ៊ុន ដូចជាក្នុងទម្រង់ជាការកាន់កាប់ដោយបុគ្គលិកជាដើម។

មានការប៉ាន់ប្រមាណថា សាជីវកម្មកំពូលចំនួន១៤៨ រកបានប្រាក់ចំណេញ ១,៨ពាន់ពាន់លានដុល្លារ ដែលកើនឡើង ៥២ភាគរយជាមធ្យមក្នុងរយៈពេល ៣ឆ្នាំ ដែលជួយឱ្យម្ចាស់ភាគហ៊ុនចំណេញប្រាក់យ៉ាងច្រើន ខណៈដែលបុគ្គលិកកម្មកររាប់លាននាក់ប្រឈមមុខនឹងវិបត្តិជីវភាពដោយសារអតិផរណាដែលឈានទៅរកការកាត់បន្ថយប្រាក់ឈ្នួល។

លោក Amitabh Behar នាយកប្រតិបត្តិបណ្តោះអាសន្ននៃអង្គការ Oxfam International បានមានប្រសាសន៍ថា៖ «វិសមភាពនេះមិនមែនជាឧបទ្ទវហេតុនោះទេ។ ក្រុមមហាសេដ្ឋីកំពុងធ្វើឱ្យសាជីវកម្មផ្តល់ទ្រព្យសម្បត្តិកាន់តែច្រើនដល់ពួកគេ ខណៈដែលអ្នកផ្សេងទៀតកំពុងធ្លាក់ចុះ»

ការកើនឡើងទ្រព្យសម្បត្តិបន្ទាប់ពីកែសម្រួលអតិផរណារបស់មហាសេដ្ឋីកំពូលទាំងប្រាំត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃទ្រព្យសម្បត្តិរបស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla, លោក Bernard Arnaultប្រធានក្រុមហ៊ុន LVMH, លោក Jeff Bezos ប្រធានក្រុមហ៊ុន Amazon, លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle និងវិនិយោគិនលោក Warren Buffett។

ទន្ទឹមនឹងនេះដែរ យោងតាមការវិភាគរបស់អង្គការ Oxfam បុគ្គលិកកម្មករជិត ៨០០លាននាក់បានមើលឃើញថា ប្រាក់ឈ្នួលរបស់ពួកគេក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះបានរងគ្រោះដោយសារអតិផរណាដែលបណ្តាលឱ្យពួកគេខាងបង់ប្រាក់ចំណូលជាមធ្យមស្មើនឹង ២៥ថ្ងៃក្នុងមួយឆ្នាំសម្រាប់បុគ្គលិកកម្មករម្នាក់។ នេះបើយោងតាមកាសែត VN Express៕