(តូក្យូ)៖ ប្រទេសជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរចំនួន ២៥លាននាក់ក្នុងឆ្នាំ២០២៣ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៩ ដោយសារការធ្លាក់ចុះថ្លៃប្រាក់យ៉េនបានជួយទាក់ទាញភ្ញៀវទេសចរក្រោយជំងឺរាតត្បាតដែលជួយជំរុញដល់សេដ្ឋកិច្ចផុយស្រួយរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយអង្គការទេសចរណ៍ជាតិរបស់ប្រទេសជប៉ុនកាលពីថ្ងៃពុធថា ចំនួនភ្ញៀវទេសចរដែលទស្សនាប្រទេសជប៉ុនកាលពីឆ្នាំមុននេះកើនឡើងខ្លាំងបើធៀបនឹងចំនួន ៣,៨លាននាក់ក្នុងឆ្នាំ២០២២។ បើគិតប្រចាំខែវិញ ខែធ្នូគឺជាខែទីប្រាំពីរជាប់គ្នាដែលទទួលបានចំនួនភ្ញៀវបរទេសលើសពី ២លាននាក់។
ការវិលត្រលប់ជាថ្មីរបស់ភ្ញៀវទេសចរដ៏ច្រើនទៅកាន់ប្រទេសជប៉ុន គឺជាការវិវឌ្ឍវិជ្ជមានសម្រាប់សេដ្ឋកិច្ចដែលបានធ្លាក់ចុះក្នុងល្បឿនខ្លាំងបំផុតគិតចាប់តាំងពីជំងឺរាតត្បាតវាយប្រហារខ្លាំងបំផុតក្នុងរដូវក្តៅ។ ការធ្លាក់ចុះប្រាក់យ៉េនដែលជារូបិយប័ណ្ណជប៉ុនបានជួយបង្កើនអំណាចចំណាយរបស់ភ្ញៀវទេសចរ ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយជាគោលដៅដែលមានតម្លៃសមរម្យជាងមុន។ ប្រាក់យ៉េនត្រូវបានជួញដូរជាមធ្យមប្រហែល ១៤០,៥យ៉េនធៀបនឹងប្រាក់ដុល្លារកាលពីឆ្នាំមុន។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា យោងតាមទីភ្នាក់ងារទេសចរណ៍ជប៉ុន ការចំណាយរបស់អ្នកទស្សនាសរុបមានចំនួនច្រើនបំផុតមិនធ្លាប់មានគឺ ៥,៣ពាន់ពាន់លានយ៉េន (៣៥,៩ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ កើនឡើងប្រហែល ១០% បើធៀបនឹងចំនួនសរុបក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ខណៈដែលការចំណាយក្នុងមនុស្សម្នាក់បានកើនឡើងជិត ៣៤% ដល់ ២១២ ០០០យ៉េន។
ទោះបីជាយ៉ាងណា ចំនួនភ្ញៀវទេសចរប្រចាំឆ្នាំ២០២៣នេះ នៅតែទាបជាងតួលេខ ៣២លាននាក់ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩។ ភ្ញៀវទេសចរចូលពីប្រទេសចិន ដែលជាចំណែកធំជាងគេមុនជំងឺរាតត្បាត និងជាអ្នកចំណាយច្រើនជាងគេ ក៏នៅតែមានតិចនៅឡើយបើធៀបនឹងចំនួនមុនពេលកើតមានជំងឺកូវីដពោលគឺមានចំនួន ២,៤លាននាក់ បើធៀបនឹងអ្នកទស្សនា ៩,៦លាននាក់នៅក្នុងឆ្នាំ២០១៩ បើទោះបីជាទីក្រុងប៉េកាំងបានបញ្ចប់ការហាមឃាត់ភ្ញៀវទេសចរជាក្រុមទៅទស្សនាប្រទេសជប៉ុនក៏ដោយ៕