(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគចំនួន១០ ដែលមានទុនវិនិយោគប្រមាណជាង ៦០លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគចំនួន ១០ ដែលមានទុនវិនិយោគ សរុបប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២,៦៩៥កន្លែង។

គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគ ដែលទទួលបានការអនុម័តគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រួមមាន៖

១៖ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅស្រុកស្អាង ខេត្តកណ្តាល។

២៖ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

៣៖ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

៤៖ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៥៖ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៦៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់, កាបូប, និងស្បែកជើង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៧៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក នៅស្រុកសំរោង ខេត្តតាកែវ។

៨៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (ធុងទឹកកក, ធុង និងប្រអប់រក្សាកម្ដៅ, និងទូកកៃយ៉ាក់) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

៩៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

១០៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់ នៅស្រុកត្រាំកក់ ខេត្តតាកែវ៕