(ដាវ៉ូស)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤ នេះ អាចនឹងទទួលបានការជំរុញពីដំណើរការសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុកបន្តិចកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ខណៈពេលដែលអ្នកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF បានបដិសេធលើកឡើងអំពីរបៀបដែលស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននឹងពិនិត្យមើលឡើងវិញនូវការព្យាករណ៍របស់ខ្លួននៅក្នុងខែមករានេះ អ្នកស្រីបានចង្អុលបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក «អាចចុះទន់ខ្សោយ» នៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមធ្លាក់ចុះ។

អ្នកស្រី Georgieva ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅឯ Bloomberg House ក្នុងទីក្រុងដាវ៉ូសកាលពីថ្ងៃអង្គារថា៖ «សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ ឆ្នាំ២០២៣ សម្រេចបានកំណើនសេដ្ឋកិច្ចល្អជាងអ្វីដែលយើងបានរំពឹងទុកតិចតួច។ មានការជំរុញមួយចំនួននៅឆ្នាំ២០២៣ ដែលជួយគាំទ្រដល់ឆ្នាំ២០២៤»

ការលើកឡើងរបស់ប្រធានមូលនិធិ IMF ទទួលបានការគាំទ្រពីសហសេវិករបស់អ្នកស្រី គឺអ្នកស្រី Gita Gopinath ដែលជាអគ្គនាយករងទីមួយទីមួយ ដែលបានថ្លែងក្នុងកិច្ចពិភាក្សានៅទីក្រុងដាវ៉ូថា ឱកាសនៃការថមថយសេដ្ឋកិច្ចបានកើនឡើង «បន្តិច» ហើយការរំពឹងទុកទីផ្សារថានឹងមានការកាត់បន្ថយអត្រាការប្រាក់យ៉ាងឆាប់រហ័សគឺ «ជាការគិតទុកមុនឆាប់រហ័សបន្តិច»

ភាពជាក់ស្តែងនៃសេដ្ឋកិច្ចបានផ្លាស់ប្តូរចាប់តាំងពីការព្យាករណ៍របស់ IMF កាលពីខែតុលាដែលថានឹងមានកំណើន ២,៩% សម្រាប់ឆ្នាំ២០២៤នេះ។ ខណៈពេលដែលអតិផរណាអាចធ្លាក់ចុះដោយមិនធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំៗធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ និងការវាយប្រហាររបស់ពួកហូទី (Houthi) នៅសមុទ្រក្រហមកំពុងគំរាមកំហែងឱ្យមានសម្ពាធតម្លៃជាថ្មី និងបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕