(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងដល់វិនិយោគិនសក្ដានុពលទាំងអស់ ដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុថា សម្រាប់ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃលើផ្លែតហ្វម របស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំទឹកប្រាក់ ៤៤០ពាន់លានរៀល (ប្រហែល១០៧លានដុល្លារ)។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្សព្វផ្សាយអំពីយន្តការ និងនីតិវិធីនៃការចូលរួមរបស់គ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ ក្នុងការវិនិយោគលើមូលបត្ររដ្ឋនាពេលក្រោយ។

ជាមួយគ្នានេះ សេចក្តីជូនដំណឹងលម្អិតស្តីពី ការបោះផ្សាយលក់មូលបត្ររដ្ឋមួយលើកៗ និងលទ្ធផលស្តីពីការដេញថ្លៃមូលបត្ររដ្ឋ នឹងមានផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មានផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា៕