(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៣ កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់បណ្ដាប្រទេស RCEP មានចំនួន ៨,១៧២លានដុល្លារ កើនឡើង ២៨.៨៣ភាគរយ ខណៈការនាំចូលមានចំនួន ២១ ២៨៥លានដុល្លារ ថយចុះ ១៣.៧៨ភាគរយ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងទៀតថា ពេញមួយឆ្នាំ២០២៣ ទំហំពាណិជ្ជកម្ម កម្ពុជាមួយនឹង RCEP មានចំនួន ២៩ ៤៥៧លានដុល្លារ ថយចុះ ៥.០៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៣១ ០៣១លានដុល្លារ។

កិច្ចព្រមព្រៀង RCEP បានជួយបង្កើនការនាំចេញរបស់កម្ពុជា និងពាណិជ្ជកម្មពិភពលោក ក្នុងការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូល នៃបណ្ដាប្រទេស RCEP។

កិច្ចព្រមព្រៀង RCEP បានជួយចូលរួមចំណែកច្រើន នៅក្នុងការជំរុញកំណើន នៃការធ្វើធុរកិច្ចរបស់កម្ពុជា ជាមួយនឹងប្រទេស RCEP លើសពីនេះទៀត ក៏រួមចំណែកច្រើន នៅក្នុងការបង្កើន ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយនឹងពិភពលោក។

កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

សូមជម្រាបថា RCEP មានការចូលរួមប្រទេសចំនួន១៥រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕