(ញូវដែលី)៖ អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Katherine Tai កាលពីថ្ងៃសុក្របានស្នើឱ្យប្រទេសឥណ្ឌាធានាថា លក្ខខណ្ឌតម្រូវនាំចូលថ្មីរបស់ខ្លួនសម្រាប់ការនាំចូលផ្នែករឹងបច្ចេកវិទ្យាដូចជាកុំព្យូទ័រយួរដៃ និងថេប្លេតមិនរារាំងពាណិជ្ជកម្មនាពេលអនាគត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

អ្នកស្រី Tai ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសឥណ្ឌា បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal នៅទីក្រុងញូវដែលីពីបញ្ហានានារាប់ចាប់ពីទិដ្ឋាការធុរកិច្ចសម្រាប់បុគ្គលិកកម្មករឥណ្ឌារហូតដល់អំពីឋានៈជាប្រទេសទទួលបានការរួចពន្ធលើការនាំចូលទំនិញទៅអាមេរិក។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយរួមគ្នាមួយដោយភាគីទាំងពីរថា បើទោះបីជាប្រព័ន្ធគ្រប់គ្រងការនាំចូលនេះបានកាត់បន្ថយផលប៉ះពាល់ដល់អាជីវកម្មក៏ដោយ ក៏អ្នកស្រី Tai នៅតែ «ជំរុញឱ្យប្រទេសឥណ្ឌាធានាថា ប្រព័ន្ធអនឡាញគ្រប់គ្រងដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន និងគោលនយោបាយពាក់ព័ន្ធ មិនដាក់កម្រិតលើពាណិជ្ជកម្មនៅថ្ងៃខាងមុខ»

កាលពីខែតុលាឆ្នាំមុន ប្រទេសឥណ្ឌាបានឱ្យដឹងថា ខ្លួននឹងអនុញ្ញាតឱ្យមានការនាំចូលផ្នែករឹងបច្ចេកវិទ្យាដោយមិនមិនចាំបាច់មានអាជ្ញាប័ណ្ណ ពោលគឺជាការបន្ធូរបន្ថយវិធានការទប់ស្កាត់ដែលខ្លួនបានគ្រោងទុកកន្លងមក។ ស្ថិតក្រោមផែនការថ្មី ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនរបស់ពិភពលោករួមមានក្រុមហ៊ុន Apple Inc. និងក្រុមហ៊ុន Samsung Electronics ចាំបាច់ត្រូវចុះឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងការនាំចូលនិងត្រូវទទួលបានការអនុញ្ញាតដោយផ្អែកលើតម្លៃនៃការនាំចេញ ដែលនឹងមានសុពលភាពរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានរួមដដែលនេះបានបន្ថែមថា ទីក្រុងញូវដែលីក៏បានអះអាងឡើងវិញអំពីការចង់បានរបស់ខ្លួនឱ្យមានផ្តល់ឡើងវិញនូវលទ្ធភាពទទួលបានឋានៈរួចពន្ធសម្រាប់ទំនិញមួយចំនួនស្ថិតក្រោមប្រពន្ធអនុគ្រោះពន្ធ GSP និងចង់ឱ្យមានបង្កើនអ្នកធ្វើអធិការកិច្ចរបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក ដើម្បីកាត់បន្ថយការកកស្ទះ។

ប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងត្បូងមួយនេះបាននិងកំពុងជំរុញឱ្យរដ្ឋាភិបាលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ផ្លាស់ប្តូរការសម្រេចចិត្តដែលបានដាក់ចេញកាលពីសម័យលោក ដូណាល់ ត្រាំ ដែលដកប្រទេសឥណ្ឌាចេញពីប្រទេសដែលទទួលបានឋានៈមិនបង់ពន្ធលើផលិតផលនាំចេញរាប់ពាន់មុខរបស់ឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕