(តូក្យូ)៖ ប្រភពពីរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនជប៉ុនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនជប៉ុនបានសម្រេចចិត្តទម្លាក់ចោលផែនការចូលរួមដេញថ្លៃគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទីក្រុងគូឡាឡាំពួ និងសិង្ហបុរី។ នេះបើយោងតាមកាសែតក្យូដូជប៉ុន។

កាសែតក្យូដូបានរាយការណ៍ដោយដកស្រង់ប្រភពនានារួមទាំងប្រភពពីរដ្ឋាភិបាលជប៉ុនិងរដ្ឋាភិបាលម៉ាឡេស៊ីដែលបានដឹងពីកិច្ចការនេះថា ក្រុមហ៊ុននានារបស់ប្រទេសជប៉ុន រួមទាំងក្រុមហ៊ុន East Japan Railway Co សង្ឃឹមថានឹងប្រើប្រាស់ប្រព័ន្ធរថភ្លើង shinkansen របស់ប្រទេសជប៉ុននៅក្នុងគម្រោងនេះ ប៉ុន្តែក្រុមហ៊ុនទាំងនេះបានសម្រេចចិត្តថា វានឹងមានហានិភ័យពេកប្រសិនបើមិនមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលម៉ាឡេស៊ី។

ការដកខ្លួនពីសំណាក់ក្រុមហ៊ុនជប៉ុនអាចអនុញ្ញាតឱ្យក្រុមហ៊ុនចិនដែលជាគូប្រជែងពង្រឹងខ្លួនបន្ថែមទៀតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីបូព៌ា បន្ទាប់ពីពួកគេបានបញ្ចប់ផ្លូវរថភ្លើងល្បឿនលឿនក្នុងឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី។ រថភ្លើងល្បឿនលឿនមួយខ្សែដែលសាងសង់ដោយក្រុមហ៊ុនចិនឆ្លងកាត់ប្រទេសឡាវឥឡូវនេះកំពុងដំណើរការ ហើយការងារកំពុងដំណើរការយឺតៗសម្រាប់គម្រោងដែលនឹងតភ្ជាប់ទៅខ្សែរថភ្លើងនេះពីប្រទេសថៃ។

ថ្ងៃចន្ទសប្តាហ៍ក្រោយគឺជាថ្ងៃផុតកំណត់ចុងក្រោយសម្រាប់ការដាក់សំណើដេញថ្លៃខ្សែរថភ្លើងល្បឿនលឿនម៉ាឡេស៊ី-សិង្ហបុរី។ រដ្ឋាភិបាលម៉ាឡេស៊ីបានចាប់ផ្តើមដំណើរការដាក់ពាក្យស្នើសុំការដេញថ្លៃនេះនៅខែកក្កដា ឆ្នាំ២០២៣។

គម្រោងនេះត្រូវបានរំពឹងថានឹងចំណាយអស់ ១០០ពាន់លានរីងហ្គីត (២១ពាន់លានដុល្លារ) ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ី មានបំណងអភិវឌ្ឍគម្រោងនេះតាមរយៈការផ្តល់ហិរញ្ញប្បទានឯកជនជាជាងការចំណាយថវិការបស់រដ្ឋាភិបាលឬការធានាបំណុល។

ប្រភពដដែលបានប្រាប់កាសែតក្យូដូថែមទៀតថា ខណៈពេលដែលក្រុមហ៊ុនជប៉ុនបោះបង់ការចូលរួមដេញថ្លៃនេះ ក្រុមហ៊ុនក្នុងស្រុកមួយចំនួនគ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុនចិន និងអឺរ៉ុបដើម្បីធ្វើការដេញថ្លៃ។

រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងសម្រាំងបេក្ខជនដែលបានដាក់ពាក្យចូលរួមដេញថ្លៃគម្រោងក្នុងរយៈពេលពីរបីខែ ហើយនឹងចាប់ផ្តើមការចរចាពេញលេញជាមួយរដ្ឋាភិបាលសិង្ហបុរីនៅចុងឆ្នាំនេះ៕