(ប៉េកាំង)៖ ទិន្នន័យគយចិនបានបង្ហាញកាលពីថ្ងៃសុក្រថា ពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២៣ រវាងប្រទេសចិននិងរុស្ស៊ីបានកើនដល់ ២៤០ពាន់លានដុល្លារ ដែលបង្កើតបានជាកំណត់ត្រាថ្មីមួយទៀត ខណៈប្រទេសទាំងពីរបានជំរុញឱ្យមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធបើទោះជាសង្គ្រាមនៅអ៊ុយក្រែនកំពុងផ្ទុះឡើងក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ចិនដែលជាប្រទេសប្រើប្រាស់ប្រេងច្រើជាងគេមួយនៅក្នុងពិភពលោកបានក្លាយជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់រុស្ស៊ីដែលជាអ្នកនាំចេញថាមពលធំមួយដែលបច្ចុប្បន្នស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។ ទីក្រុងមូស្គូក៏បានបង្កើនការទិញទំនិញរបស់ចិនផងដែររាប់ចាប់ពីរថយន្តរហូតដល់ស្មាតហ្វូន ខណៈដែលក្រុមហ៊ុនម៉ាកយីហោអឺរ៉ុប និងអាមេរិកបានចាកចេញពីទីផ្សាររុស្ស៊ី។

យោងតាមទិន្នន័យរបស់រដ្ឋបាលគយរបស់ចិនដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពាណិជ្ជកម្មប្រាក់ដុល្លាររវាងប្រទេសចិននិងរុស្ស៊ី បានកើនឡើងដល់ ២៤០,១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង ២៦,៣ភាគរយធៀបនឹងឆ្នាំមុន។

ទិន្នន័យគយចិនបានបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើង ៤៦,៩ភាគរយក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ២០២២ និងកើនឡើង ៦៤,២ភាគរយធៀបនឹងឆ្នាំ២០២១ មុនពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចាប់ផ្តើម។ ការនាំចូលរបស់ចិនពីប្រទេសរុស្ស៊ីបានកើនឡើង ១៣ភាគរយកាលពីឆ្នាំមុន ធៀបនឹងឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ីបានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak ដែលបាននិយាយកាលពីចុងខែធ្នូថា ពាក់កណ្តាលនៃការនាំចេញប្រេងឆៅនិងប្រេងឥន្ធនៈរបស់រុស្ស៊ីក្នុងឆ្នាំ២០២៣ ត្រូវបាននាំចេញទៅប្រទេសចិន។ នេះបើយោងតាមរ៉យទ័រ៕