(ភ្នំពេញ)៖ ស្របពេលដែលថ្នាលជួញដូរទ្រព្យឌីជីថលមួយ ចាប់ផ្តើមដំណើរការ អ្នកជំនាញផ្នែកហិរញ្ញវត្ថុក៏បានបង្ហាញទស្សនៈ ទាក់ទងនឹងហានិភ័យខ្ពស់ នៃការជួញដូរទ្រព្យគ្រីបតូ ដូចជា Bitcoin, Ethereum, ឬ Dogecoin ជាដើម ដោយប្រៀបប្រដូចការជួញដូរទ្រព្យគ្រីបតូទាំងនេះ ទៅរបៀបរកប្រាក់ដោយភ្នាល់ល្បែងស៊ីសង ដែលគ្មានច្បាប់គ្រប់គ្រងផងដែរ។

អ្នកជំនាញបានបញ្ជាក់ថា ទ្រព្យគ្រីបតូមិនមានតម្លៃណាមួយ ដែលអាចកំណត់ដោយយន្តការជាក់លាក់ទេ តែថ្លៃរបស់ទ្រព្យគ្រីបតូតែងឡើងចុះខ្លាំងអាស្រ័យលើអារម្មណ៍អ្នកទិញ-លក់ និង ក្រុមវិនិយោគិនឆ្មក់ឱកាស ឬសូម្បីព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់តាមបណ្តាញសង្គម។ ដូច្នេះ អ្នកទិញទ្រព្យគ្រីបតូត្រូវប្រឈមនឹងហានិភ័យខ្ពស់ ហើយអាចឈានដល់ការខាតបង់ប្រាក់ទាំងស្រុង។

លោក Stephen Higgins សហស្ថាបនិក និងដៃគូគ្រប់គ្រងក្រុមហ៊ុន Mekong Strategic Capital ដែលជាក្រុមហ៊ុនវិនិយោគ និងប្រឹក្សាយោបល់ឈានមុខមួយនៅប្រទេសកម្ពុជា បានលើកឡើងថា ទ្រព្យគ្រីបតូជាជម្រើសវិនិយោគមួយ ដែលតម្រូវឱ្យវិនិយោគិនហ៊ានប្រថុយប្រថានខ្ពស់ខ្លាំងណាស់ បើធៀបនឹងជម្រើសវិនិយោគផ្សេងទៀតក្នុងវិស័យហិរញ្ញវត្ថុ។

លោក Stephen បានថ្លែងដូច្នេះថា «បើគេវិនិយោគលើទ្រព្យគ្រីបតូនេះ មានន័យថា គេហាក់ដូចជាត្រៀមខ្លួនខាតបង់រួចទៅហើយ ដោយសារតែជម្រើសមួយនេះគ្មានព័ត៌មានជាមូលដ្ឋានសម្រាប់វិភាគឱ្យបានត្រឹមត្រូវជាក់ស្តែងនោះទេ”។ លោក Stephen ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំផ្នែកសេវាកម្មធនាគារ និងហិរញ្ញវត្ថុ បានបន្ថែមថា៖ “ប្រតិបត្តិការទិញលក់ឬវិនិយោគលើទ្រព្យគ្រីបតូនេះ នឹងមិនផ្តល់អត្ថប្រយោជន៍អ្វីដល់កម្ពុជាទេ»

ស្រដៀងគ្នានេះដែរ ការិយាល័យអប់រំ និងតស៊ូមតិសម្រាប់វិនិយោគិន នៃគណៈកម្មការមូលបត្រអាមេរិក (SEC’s Office of Investor Education and Advocacy) បានចេញសេចក្តីក្រើនរំឭកវិនិយោគិន (Investor Alert) មួយកាលពីខែមីនា ឆ្នាំ២០២៣ ដោយបានលើកឡើងថា ប្រតិបត្តិការទិញ លក់ និងខ្ចី ទ្រព្យគ្រីបតូ បានប្រព្រឹត្តិទៅដោយមិនមានយន្តការច្បាប់ត្រឹមត្រូវ ដើម្បីការពារវិនិយោគិននោះទេ ជាហេតុនាំឱ្យជម្រើសវិនិយោគលើទ្រព្យទាំងនោះប្រឈមនឹងហានិភ័យខ្ពស់បំផុត។

អ្នកជំនាញផ្សេងទៀតក៏បានលើកឡើងផងដែរថា ជម្រើសជួញដូរទ្រព្យគ្រីបតូខុសគ្នាពីជម្រើសវិនិយោគភាគហ៊ុន ឬសញ្ញាប័ណ្ណក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មជាក់លាក់ មានរបាយការណ៍ហិរញ្ញវត្ថុឆ្លងកាត់សវនកម្មឯករាជ្យត្រឹមត្រូវ និងមាននិយ័តករគ្រប់គ្រងច្បាស់លាស់។ តម្លៃរបស់ភាគហ៊ុននោះឡើងចុះអាស្រ័យលើលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុន។ នៅពេលក្រុមហ៊ុនចំណេញច្រើន នោះតម្លៃភាគហ៊ុននឹងឡើងថ្លៃដែរ។ លើសពីនេះ ដំណើរការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាក់លាក់មួយ ដែលធានាមិនឲ្យមានទំនាស់ផលប្រយោជន៍ ឬការឃុបឃិតផ្ទៃក្នុង។

ជម្រើសជួញដូរសញ្ញាប័ណ្ណឥណទានរបស់ក្រុមហ៊ុនក៏ដូចគ្នាដែរ។ តម្លៃសញ្ញាប័ណ្ណអាស្រ័យទៅលើអត្រាការប្រាក់ដែលក្រុមហ៊ុនបានសន្យាឱ្យ នៅពេលបោះផ្សាយសញ្ញាប័ណ្ណ និង ទៅលើលទ្ធភាពរបស់ក្រុមហ៊ុននោះក្នុងការបន្តបង់ការប្រាក់បានឬអត់។ ក្រុមហ៊ុនដែលចេញសញ្ញាប័ណ្ណក៏ត្រូវស្ថិតក្រោម ការគ្រប់គ្រង់ដោយអាជ្ញាធរត្រួតពិនិត្យដូចគ្នាដែរ ដើម្បីធានាថាម្ចាស់ក្រុមហ៊ុនមិនអាចធ្វើអ្វីផ្តេសផ្តាស។

ផ្ទុយទៅវិញ ចំពោះទ្រព្យគ្រីបតូ គឺមិនបានចេញផ្សាយដោយក្រុមហ៊ុនណាមួយទេ។ ឧទាហរណ៍ Bitcoin ត្រូវបានបង្កើតឡើងដោយជនអាណាមិកម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ពោលគឺ សូម្បីតែជនជាតិ ក៏មិនដឹងជាជនជាតិអ្វីឱ្យពិតប្រាកដដែរ។ ករណីមួយទៀត ថ្លៃទ្រព្យគ្រីបតូប្រែប្រួលខ្លាំងអាស្រ័យលើបបូរមាត់បុគ្គលម្នាក់។ នៅពេលលោក Elon Musk និយាយថា Dogecoin ល្អ ពេលនោះ ទ្រព្យនេះឡើងថ្លៃកប់ពពក ប៉ុន្តែនៅពេលលោក Elon Musk មិនសប្បាយចិត្ត ហើយរិះគន់ Dogecoin ទ្រព្យនោះក៏បែរជាធ្លាក់ថ្លៃកប់ដី។

ករណីនេះបង្ហាញថា មិនមានអាជ្ញាធរណាមានលទ្ធភាពទៅគ្រប់គ្រងអារម្មណ៍របស់លោក Musk ទេ ហើយអ្នកទិញទ្រព្យនោះបានត្រឹមតែអាចបន់ស្រន់កុំឱ្យលោក Musk មានអារម្មណ៍មិនល្អជាដើម ដែលមិនខុសពីការផ្សងសំណាងក្នុងល្បែងស៊ីសងនោះទេ។ បច្ចុប្បន្ន វិនិយោគិនក៏បានដកថយពីការជួញដូរប្រភេទទ្រព្យគ្រីបតូទាំងនេះគួរឱ្យកត់សម្គាល់ផងដែរ ក្រោយពីមានបញ្ហាដូចជា FTX ដែលធ្វើឲ្យអតិថិជនជាច្រើនបាត់បង់ប្រាក់ និងថ្មីៗនេះករណី Binance ដែលពាក់ព័ន្ធនឹងការលាងលុយជាដើម។

ក្រៅពីមតិលើកឡើងដោយអ្នកជំនាញខាងលើ ក្នុងបទសម្ភាស៍មួយជាមួយទូរទស្សន៍អន្តរជាតិដ៏ល្បី CNBC កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏មានប្រសាសន៍ថា វិនិយោគិនទ្រព្យគ្រីបតូតែងតែរំពឹងពីការទទួលបានផលចំណេញខ្ពស់និងឆាប់រហ័ស ប៉ុន្តែជាក់ស្តែង មានតែព័ត៌មានអវិជ្ជមានច្រើនពីការវិនិយោគបែបនេះ និងការខាតបង់នានាក្នុងចំណោមវិនិយោគិន។

លោកស្រីបណ្ឌិតបានថ្លែងថា «វិនិយោគិនគិតថា នេះជាវិធីរកប្រាក់បានលឿន ប៉ុន្តែពួកគេគួរតែបានគិតដល់ថា នេះជាជម្រើសវិនិយោគដែលមានហានិភ័យខ្ពស់ និងមានគ្រោះថ្នាក់ខ្លាំង»

លោកស្រីមានប្រសាសន៍បន្តថា ប្រសិនបើមានបុគ្គលណាម្នាក់គិតថា វិនិយោគទ្រព្យគ្រីបតូជាជម្រើសល្អ នោះវាអាចគ្រាន់តែជាវិធីល្អសម្រាប់គាត់តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែមិនមានន័យថា វាជាជម្រើសល្អសម្រាប់អ្នកផ្សេង ឬប្រជាជនទូទៅនោះទេ៕