(ភ្នំពេញ)៖ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កម្ពុជាមានគោលការណ៍ច្បាស់លាស់ ក្នុងខ្ចីបំណុលបរទេស ​ពោលគឺផ្នែកលើគោលការណ៍ចំនួន៥ ដែលធ្វើឱ្យកម្ចីនោះ នៅតែស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន និងមានហានិភ័យទាប មិនដូចការលើកឡើង របស់ក្រុមជ្រុលនិយមមួយចំនួនតូច ដែលឃោសនាបំភ័យប្រជាជន ពាក់ព័ន្ធបំណុលសាធារណៈរបស់កម្ពុជានោះទេ។

លោកបានពន្យល់បន្តថា ក្នុងការខ្ចីបំណុលបរទេស រាជរដ្ឋាភិបាលមានការគិតគូរច្បាស់លាស់ ដោយប្រាក់កម្ចីទាំងនោះ គឺរដ្ឋាភិបាលបានចាត់ចែង ទុកចំណាយលើវិស័យមួយចំនួនជាអាទិភាព ដូចជាវិស័យសង្គមកិច្ច វិស័យអប់រំ សុខាភិបាល​ជាដើម ហើយចំណាយដោយតម្លាភាព។

ការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ នូវគោលការណ៍គន្លឹះចំនួន៥ ដូចខាងក្រោម៖

១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤៖ ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

សូមជម្រាបថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈសរុប ១០.២៧ពាន់លានដុល្លារ ដែលក្នុងនោះ​ជំពាក់បំណុលបរទេស ១០.២៣ពាន់លានដុល្លារ ​និងបំណុលក្នុងប្រទេស​ចំនួន ៤២.៤៥លានដុល្លារ៕