(សាន់ហ្វ្រាន់ស៊ីស្កូ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នៅចុងសប្តាហ៍មុនបានជំរុញឱ្យសមាជិកសភា ក្រុមហ៊ុនមកពីតំបន់ Silicon Valley និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បញ្ឈប់ប្រទេសចិនពីការទទួលបានឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបដែលជាកត្តាសំខាន់ចំពោះសន្តិសុខជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ខណៈថ្លែងនៅក្នុងវេទិកាការពារជាតិប្រចាំឆ្នាំនៅតំបន់ Simi Valley រដ្ឋកាលីហ្វ័រញ៉ា លោកស្រី Raimondo បានហៅទីក្រុងប៉េកាំងថាជា «ការគំរាមកំហែងដ៏ធំបំផុតដែលយើងមិនធ្លាប់មាន» ហើយបានសង្កត់ធ្ងន់ថា «ប្រទេសចិនមិនមែនជាមិត្តរបស់យើង»។

ប្រទេសមានសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោកនេះបានជាប់គាំងក្នុងស្ថានភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា ដែលក្រសួងពាណិជ្ជកម្មរបស់លោកស្រីនាំមុខគេ។

កាលពីខែតុលា លោកស្រី Raimondo បានដាក់ចេញនូវវិធានការរឹតបន្តឹងជាបន្តបន្ទាប់លើការនាំចេញបន្ទះឈីបបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសចិន រួមទាំងឧបករណ៍ដែលប្រើក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរដើម្បីរារាំងទីក្រុងប៉េកាំងពីការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះសម្រាប់យោធារបស់ខ្លួន។

លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបដែលមានវត្តមានក្នុងកម្មវិធីនេះ ខឹងខ្ញុំបន្តិចដែរនៅពេលខ្ញុំធ្វើដូច្នេះពីព្រោះអ្នកបាត់បង់ប្រាក់ចំណូល។ ជីវិតគឺបែបនេះ ការការពារសន្តិសុខជាតិរបស់យើងធំជាងប្រាក់ចំណូលរយៈពេលខ្លី»

លោកស្រីបានបន្ថែមថា៖ «ប្រជាធិបតេយ្យគឺល្អសម្រាប់អាជីវកម្មរបស់អ្នក។ នីតិរដ្ឋនៅទីនេះ និងជុំវិញពិភពលោកគឺល្អសម្រាប់អាជីវកម្មរបស់អ្នក»

យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Raimondo បានកត់សម្គាល់ថា ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះសៀគ្វីទំនើបបំផុតដែលត្រូវការដើម្បីបង្កើតបច្ចេកវិទ្យា AI ជំនាន់ចុងក្រោយ បានអភិវឌ្ឍផលិតផលទំនើបសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។

លោកស្រីថ្លែងថា៖ «រៀងរាល់ថ្ងៃ ប្រទេសចិនភ្ញាក់ពីដំណេកឡើងព្យាយាមរិះរកវិធីបញ្ចប់ការគ្រប់គ្រងការនាំចេញរបស់យើង ... ដែលមានន័យថា រៀងរាល់នាទីរៀងរាល់ថ្ងៃ យើងត្រូវក្រោកឡើងរឹតបន្តឹងការគ្រប់គ្រងទាំងនោះ និងអនុវត្តឱ្យបានតឹងរឹងជាមួយសម្ព័ន្ធមិត្តរបស់យើង»