(ឌូបៃ)៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានជំរុញប្រេសិតក្នុងសន្និសីទអាកាសធាតុ COP28 ឱ្យដាក់គោលនយោបាយពាណិជ្ជកម្មស្ថិតនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅភពផែនដី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

គណៈប្រតិភូមកពីជាង ១៩០ប្រទេសកំពុងជួបប្រជុំគ្នានៅទីក្រុងឌូបៃ ដើម្បីពិភាក្សាអំពីមធ្យោបាយធ្វើឱ្យប្រសើរឡើងនូវគោលដៅអាកាសធាតុសកល និងគាំទ្រគំនិតផ្តួចផ្តើមនានាដើម្បីដោះស្រាយការបំភាយឧស្ម័នមេតាន ពន្លឿនថាមពលកកើតឡើងវិញ និងពន្លឿនការងាកចេញពីប្រើធ្យូងថ្ម។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកស្រី Ngozi Okonjo-Iweala អគ្គនាយក WTO បានឱ្យដឹងថា តួនាទីពាណិជ្ជកម្មឥឡូវនេះត្រូវតែយកចិត្តទុកដាក់។

លោកស្រីបានថ្លែងក្នុងបទសម្ភាសមួយថា៖ «អាកាសធាតុនៅតែក្តៅ ហើយបើយើងបន្តដំណើរទៅមុខតាមរបៀបនៈទៀត យើងនឹងមិនអាចសម្រេចគោលដៅទេ»។ លោកស្រីបានបន្ថែមថា៖ «ប៉ុន្តែនៅតែមានឱកាស ហើយនោះហើយជាមូលហេតុដែលយើងគិតថា យើងចាំបាច់ត្រូវផ្តោតទៅលើតួនាទីពាណិជ្ជកម្មឥឡូវនេះ ដើម្បីធ្វើឱ្យគ្រប់គ្នាដឹងថា ពាណិជ្ជកម្មសេរី បើកចំហ និងអាចទស្សទាយបាន គឺជាផ្នែកដ៏សំខាន់នៃកញ្ចប់ឧបករណ៍ដើម្បីសម្រេចបានកាបូនសូន»

វិធានការដែលរដ្ឋាភិបាលអាចអនុវត្តបានរួមមានការកែសម្រួលពន្ធគយ ដើម្បីលើកទឹកចិត្តដល់ការជំរុញថាមពលកកើតឡើងវិញ ការរៀបចំឡើងវិញនូវច្បាប់លទ្ធកម្មឆ្ពោះទៅរកបៃតង ឬការរៀបចំឡើងវិញនូវប្រព័ន្ធឧបត្ថម្ភធនបច្ចុប្បន្នសម្រាប់ឥន្ធនៈហ្វូស៊ីល និងកសិកម្មដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងធ្វើឱ្យខូចខាតពាណិជ្ជកម្ម។

លោកស្រីបន្ថែមថា៖ «ហេតុអ្វីបានជាយើងត្រូវស្វែងហិរញ្ញប្បទានអាកាសធាតុនៅគ្រប់ទីកន្លែង ខណៈពេលដែលយើងអាចកែសម្រួលឡើងវិញនូវការឧបត្ថម្ភធនទាំងនេះទោះជាមិនកែសម្រួលទាំងអស់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងតែស្វែងរកប្រាក់នោះដើម្បីយកមកប្រើប្រាស់ក្នុងការផ្លាស់ប្តូរទៅរក [ថាមពលបៃតង] នេះ?»

លោកស្រី Okonjo-Iweala ក៏បាននិយាយផងដែរថា ប្រទេសអភិវឌ្ឍន៍តិចតួចដែលជាសមាជិករបស់អង្គការ WTO កំពុងលើកឡើងពីការព្រួយបារម្ភអំពីពន្ធគយកាបូនរបស់សហភាពអឺរ៉ុប ដែលនឹងចូលជាធរមានពេញលេញនៅក្នុងខែមករា។ អ្នកនាំចូលទំនិញក្នុងវិស័យដែលមានការបំភាយឧស្ម័នច្រើនមួយចំនួន ដូចជាស៊ីម៉ងត៍ និងដែកថែប នៅពេលនេះនឹងត្រូវតម្រូវឱ្យបង់ពន្ធគយសន្សឹមៗដែលកំណត់ស្របតាមតម្លៃនៅក្នុងទីផ្សារកាបូនរបស់សហភាពអឺរ៉ុប។

យោងតាមលោកស្រី Okonjo-Iweala សហភាពអឺរ៉ុបបានប្រកាន់យក «វិធីសាស្រ្តស្ថាបនា» ហើយគ្រោងនឹងរៀបចំសិក្ខាសាលានៅអង្គការ WTO នៅខែនេះជាទីដែលពួកគេអាចស្តាប់ក្តីបារម្ភទាំងនេះ និងពន្យល់យន្តការនេះក្នុងគោលបំណងបញ្ចៀសជម្លោះពាណិជ្ជកម្ម។

លោកស្រីបានបន្ថែមថា៖ «អង្គការ WTO បានត្រៀមខ្លួនធ្វើជាវេទិកាមួយដើម្បីសម្រួលដល់ការសន្ទនាបែបនេះ ដោះស្រាយបញ្ហាជាជាងទុកឱ្យពួកគេកាន់តែមានបញ្ហា»