(ហាណូយ)៖ នគរបាលវៀតណាមបានចាប់ខ្លួនប្រធានក្រុមហ៊ុនសាងសង់ LDG Investment JSC ពីបទបោកប្រាស់អតិថិជនទិញគម្រោងលំនៅឋានមួយដែលត្រូវបានគេរាយការណ៍ថាបានបើកដំណើរការដោយគ្មានច្បាប់អនុញ្ញាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយរបស់នគរបាលវៀតណាមថា លោក Nguyen Khanh Hung ប្រធានក្រុមហ៊ុន LDG Investment ត្រូវបានប៉ូលិសនៅខេត្តដុងណៃ (Dong Nai) ភាគខាងត្បូងប្រទេសវៀតណាមចាប់ខ្លួននៅក្នុងផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្ត។

ការចាប់ខ្លួននេះគឺជាការបង្រ្កាបចុងក្រោយបំផុតមួយទៅលើមន្ត្រីរដ្ឋាភិបាល និងនាយកប្រតិបត្តិអាជីវកម្មនានាដែលប្រព្រឹត្តខុសចាប់តាំងពីឆ្នាំ២០២១ ដែលត្រូវបានបញ្ជាដោយបក្សកុម្មុយនិស្តវៀតណាម។

ខណៈពេលដែលសេចក្តីថ្លែងការណ៍របស់នគរបាលមិនបានបញ្ជាក់អំពីរបៀបការដែលមានការចោទប្រកាន់ថា ក្រុមហ៊ុន LDG បានបោកបញ្ឆោតអតិថិជនរបស់ខ្លួននោះ សារព័ត៌មាន Nhan Dan របស់បក្សកុម្មុយនិស្តវៀតណាមបានរាយការណ៍ថា អាជ្ញាធរមិនបានផ្តល់ឬជួលដីសម្រាប់ការអភិវឌ្ឍន៍ ពួកគេមិនបានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរការប្រើប្រាស់ដីនោះ ហើយក្រុមហ៊ុន LDG ក៏មិនត្រូវបានផ្តល់ការអនុញ្ញាតសាងសង់សម្រាប់គម្រោងលំនៅឋាននោះដែរ។

យុទ្ធនាការប្រឆាំងអំពើពុករលួយនៅវៀតណានបានរីករាលដាលពាសពេញសេដ្ឋកិច្ចរបស់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃទីផ្សារមូលបត្របំណុលក្នុងស្រុកក្នុងពេលដែលមានបទប្បញ្ញត្តិថ្មី ហើយវិស័យអចលនទ្រព្យបាននិងកំពុងជាប់គាំង។ ភាគហ៊ុនរបស់ក្រុមហ៊ុន LDG បានធ្លាក់ចុះដល់ដែនកំណត់ប្រចាំថ្ងៃកាលពីថ្ងៃសុក្របន្ទាប់ពីការចាប់ខ្លួននេះ។

យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ នគរបាលខេត្តដុងណៃបានចាប់ផ្តើមដំណើរការនីតិវិធីព្រហ្មទណ្ឌពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភអំណាចនិងតួនាទីប្រឆាំងនឹងអតីតមន្ត្រី និងមន្ត្រីបច្ចុប្បន្នចំនួនប្រាំនាក់ រួមទាំងមេឃុំម្នាក់ផងដែរនៅក្នុងស្រុកត្រាំងបុមដែលជាទីតាំងរបស់គម្រោងនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ដោយដកស្រង់ឯកសាររបស់នគរបាលថា ក្នុងចំណោមពួកគេទាំង ៥នាក់ មាន ៤នាក់ត្រូវបានឃុំខ្លួនក្នុងខែកញ្ញា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វៀតណាមក៏បានរាយការណ៍ផងដែរថា ក្រុមហ៊ុនបានចុះកិច្ចសន្យាលក់ផ្ទះនៅក្នុងគម្រោងដែលត្រូវបានចោទប្រកាន់នេះទៅឱ្យអតិថិជនចំនួន៦០នាក់ ដែលមានតម្លៃសរុបជាង ១៣២ពាន់លានដុង (៥,៤លានដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕