(កដ្ឋមណ្ឌូ)៖ ក្រុមហ៊ុនទូរគមនាគមន៍និងឌីជីថលម៉ាឡេស៊ី Axiata Group បានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនកំពុងចាកចេញពីទីផ្សារនេប៉ាល់ដោយលក់ក្រុមហ៊ុន Reynolds Holding ដែលកាន់កាប់ភាគហ៊ុន ៨០ភាគរយក្នុងក្រុមហ៊ុន Ncell Axiata ទៅឱ្យក្រុមហ៊ុន Spectrlite UK។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Axiata នឹងលក់ក្រុមហ៊ុន Ncell ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់ខ្លួននៅក្នុងប្រទេសនេប៉ាល់ក្នុងតម្លៃ ៥០លានដុល្លារ។

លក្ខខណ្ឌនៃកិច្ចព្រមព្រៀងលក់នេះក៏រួមបញ្ចូលផងដែរនូវលក្ខខណ្ឌបែងចែកភាគហ៊ុន (share of distributions) ដោយផ្អែកលើការអនុវត្តអាជីវកម្មនាពេលអនាគត និងការបែងចែកផលចំណេញសុទ្ធនានា (net distributions) ដែលប្រកាសដោយក្រុមហ៊ុន Ncell រហូតដល់ឆ្នាំ២០២៩។

ក្រុមហ៊ុន Axiata បានទិញភាគហ៊ុនដែលមានសិទ្ធិគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Ncell ក្នុងឆ្នាំ២០១៦ បន្ទាប់ពីបានទិញយកក្រុមហ៊ុន Reynolds Holding ក្នុងតម្លៃ ១,៣៧ពាន់លានដុល្លារ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុន Axiata បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការដកខ្លួនចេញពីប្រទេសនេប៉ាល់គឺផ្អែកលើការវាយតម្លៃយ៉ាងហ្មត់ចត់ទៅលើបរិយាកាសធុរកិច្ចដែលកំពុងមាននៅនេប៉ាល់»។ ក្រុមហ៊ុនបានបន្ថែមថា ការបន្តប្រតិបត្តិការស្ថិតក្រោម «ស្ថានភាពបច្ចុប្បន្ននៃការបង់ពន្ធមិនស្មើភាព និងភាពមិនច្បាស់លាស់ផ្នែកបទប្បញ្ញត្តិ» លែងមាននិរន្តរភាពទៀតហើយសម្រាប់ក្រុមហ៊ុន។

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Axiata ដែលគាំទ្រដោយមូលនិធិរដ្ឋរបស់ម៉ាឡេស៊ី Khazanah Nasional បានរាយការណ៍ពីការខាតបង់សុទ្ធក្នុងត្រីមាសទីបីកាន់តែច្រើនដល់ចំនួន ៧៩៧,៤លានរីងហ្គីត (១៧១,៥លានដុល្លារ) ធៀបនឹង ៥២,៤លានរីងហ្គីតកាលពីឆ្នាំមុន៕