(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរចេញចូលជាមធ្យម ៤១០០នាក់ក្នុងមួយថ្ងៃ ខណៈនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានចាប់ផ្តើមភ្ជាប់ការហោះហើររវាងទីក្រុងបាងកក និងសៀមរាបជាលើកដំបូង។ នេះបើតាមការឱ្យដឹងពីលោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោកបានឱ្យថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកដំណើរតាមផ្លូវអាកាស ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមចំនួន៤១០០នាក់ក្នុងមួយថ្ងៃ ​ស្របពេលជើងហោះហើរបានកើនឡើងដល់ ៤២ជើងក្នុងមួយថ្ងៃ (ទ្វេទិស)។ ភាគច្រើនហោះហើរ គឺពីតំបន់​អាស៊ាន និងចិន ដោយមាន ៥៦សញ្ជាតិ ចូលមកកម្ពុជា។

ជនជាតិដែលធ្វើដំណើរ​មកសៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរច្រើនជាងគេ ឈរនៅលំដាប់លេខទី១ គឺសហរដ្ឋអាមេរិក បន្ទាប់មក គឺកូរ៉េ ហើយតាមពីក្រោយដោយឥណ្ឌា ចិន និងបារាំង។

​​លោក​បានឱ្យដឹងផងដែរថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាលើកដំបូងដែលក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានតភ្ជាប់ការហោះហើរពីបាងកក មកកាន់ខេត្តសៀមរាប​ ដោយបានដឹកភ្ញៀវចំនួន ១៥៧នាក់។

លោកបន្តថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នឹងបន្តហោះហើរជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃមួយជើង។

លោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា​ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៩ ធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ១​៕