(កូឡុំបូ)៖ ប្រទេសស្រីលង្កានៅសប្តាហ៍នេះបានអនុម័តសំណើវិនិយោគរបស់ក្រុមហ៊ុនចិន Sinopec ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងតម្លៃ ៤,៥ពាន់លានដុល្លារ ដែលនឹងក្លាយជាការវិនិយោគធំបំផុតនៅក្នុងប្រទេសកោះនេះគិតចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការអនុម័តរបស់គណៈរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យក្រុមហ៊ុន Sinopec បញ្ចប់ព័ត៌មានលម្អិតអំពីគម្រោង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាល ស្រីលង្កាមុនពេលក្រុមហ៊ុនចាប់ផ្តើមសាងសង់រោងចក្រចម្រាញ់សម្រាប់ការនាំចេញក្នុងទីក្រុង Hambantota ស្ថិតនៅភាគខាងត្បូងប្រទេសស្រីលង្កា។

លោក Kanchana Wijesekera រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កា បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «ការអនុម័តរបស់គណៈរដ្ឋមន្ត្រីបានធ្វើឡើងនៅថ្ងៃនេះ (ថ្ងៃចន្ទ) ដើម្បីផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន China Petroleum & Chemical Corporation (SINOPEC) របស់ប្រទេសចិន»

ប្រទេសចិនគឺជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីធំបំផុតរបស់ប្រទេសស្រីលង្កា ហើយក្រុមហ៊ុននានារបស់ចិនបានសាងសង់ផ្លូវហាយវេ កំពង់ផែសមុទ្រ និងផ្លូវអាកាស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅតំបន់ឆ្នេររបស់ប្រទេសស្រីលង្កា។

សម្រាប់ក្រុមហ៊ុន Sinopec ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងលំដាប់កំពូលរបស់ពិភពលោកបើគិតពីសមត្ថភាពផលិត និងជាក្រុមហ៊ុនផលិតគីមីឥន្ធនៈធំជាងគេមួយ ការវិនិយោគនេះនឹងបង្ហាញពីលទ្ធផលមួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏យូរដើម្បីពង្រីកអាជីវកម្មនៅក្រៅព្រំដែនរបស់ប្រទេសចិន។ ក្រុមហ៊ុន Sinopec ក៏មានរោងចក្រចម្រាញ់ប្រេងនៅប្រទេសអារ៉ាប៊ីសាអូឌីត និងរោងចក្រផលិតកម្មគីមីឥន្ធនៈនៅក្នុងប្រទេសរុស្ស៊ីផងដែរ។

អ៊ីរ៉ង់បានសាងសង់រោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ប្រទេសស្រីលង្កានៅភូមិ Sapugaskanda ស្ថិតនៅភាគខាងលិចនៃផ្ទៃប្រទេសក្នុងឆ្នាំ១៩៦៩។ រោងចក្រចម្រាញ់ប្រេងនេះអាចកែច្នៃប្រេងបាន ៣៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕