(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជានាំចេញជ័រកៅស៊ូ ២៨៣២០២តោន និងឈើកៅស៊ូ១.៣ម៉ឺនម៉ែត្រគូបទទួលបានចំណូលជា ៣៧៨លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល១០ខែនេះ មានចំនួន ៣៧៦,៧១២,១៩៨ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ១,៤១៨,៤៨២ដុល្លារ។

គិតត្រឹមខែតុលា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣២៧ដុល្លារ ក្នុង១តោន ថយចុះចំនួន១៥៤ដុល្លារ ក្នុងមួយតោន ស្មើនឹង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២០៥ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕