(សៀមរាប)៖ ​លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរក្សាបាននូវស្ថេរភាពរបស់ខ្លួន តាមរយៈការផ្តល់នូវសេវាកម្មជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន​ ដោយបានផ្តល់ឥណទានដល់ប្រជាពលរដ្ឋបាន១.៥លាននាក់។

លោក សុខ វឿន ថ្លែងបែបនេះ ធ្វើឡើងនៅសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ​២០២៣ លើកទី១៦​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប ដើម្បីជជែកពិភាក្សាអំពីនិន្នាការនានា បញ្ហាប្រឈម និងដំណោះស្រាយ ក៏ដូចជាវឌ្ឍនភាពសំខាន់ៗ របស់វិស័យ ជាពិសេស ដើម្បីចែករំលែកបទពិសោធន៍ថ្មីៗ និងចំណេះដឹងពីសំណាក់វាគ្មិនជំនាញ។

លោក សុខ វឿនបានឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុមានសមតុល្យឥណទានសរុបជាង៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានសរុបជាង១.៥លាននាក់។ សមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ជិត២លាននាក់។ ចំណែកការិយាល័យប្រតិបត្តិ មានសរុបជាង៩០០ការិយាល័យ និងមានបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យជាង២ម៉ឺននាក់។ ទិន្នន័យនេះមិនរាប់បញ្ចូលធនាគារដែលជាសមាជិករបស់សមាគមទេ។

លោក សុខ វឿន បានបន្តថា កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃពីសំណាក់រាជរាដ្ឋាភិបាល តាមរយៈធនាគាជាតិនៃកម្ពុជា ដោយបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនក្នុងការអភិវឌ្ឍវិស័យ​​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជនផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោក គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​ ជជែក ពិភាក្សា និងរកដំណោះស្រាយនានា សំដៅធ្វើយ៉ាងណា ជំរុញអោយវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាកាន់តែរីកចម្រើនកបន្ថែមទៀត និងលុបបំបាត់ភាពអវិជ្ជមាន ស្ដារកេរ្តិ៍ឈ្មោះវិស័យនេះអោយល្អប្រសើរថែមទៀត៕