(ភ្នំពេញ)៖ តាមរយៈកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា (CamCham), ក្រុមហ៊ុន អាយឌី ឃែភីថល (IDC), សហគ្រិនខ្មែរ (KE), និងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham), សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានរៀបចំបេសកកម្មក្រៅប្រទេសមួយមានឈ្មោះថា «ទស្សនកិច្ចគណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាទៅសហរដ្ឋអាមេរិក» ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាទៅសហរដ្ឋអាមេរិក បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។ បេសកកម្មនេះបានដឹកនាំគណៈប្រតិភូកម្ពុជាចំនួនជាង៩០នាក់ចូលរួមព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗនៅសហរដ្ឋអាមេរិកដែលរួមមាន ពិព័រណ៍ពាណិជ្ជកម្ម និងសន្និសីទ ធុរកិច្ច ពិធីអបអរសាទរខួបទី៧០នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ទស្សនកិច្ចកំពង់ផែនៃទីក្រុងឡុងប៊ិច ទស្សនកិច្ចនៅផ្សារទំនើបអាស៊ី សិក្ខាសាលាអប់រំស្តីពីតម្រូវការសំខាន់ៗ និងបែបបទពាក់ព័ន្ធក្នុងការនាំផលិតផលកសិកម្ម និងចំណីអាហារទៅកាន់សហរដ្ឋអាមេរិក។

ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC បានមានប្រសាសន៍ថា ផលិតផលខ្មែរ ជាច្រើនដូចជាអង្ករ បង្កងទឹកសាប រួមនឹងផលិតផលកសិកម្មកែច្នៃផ្សេងទៀត ទទួលបានការចាប់អារម្មណយ៉ាងច្រើនពីអ្នកប្រើប្រាស់នៅអាមេរិក ដែលរំពឹងថាផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា និងឈានចូលទីផ្សារអាមេរិកឆាប់ៗខាងមុខនេះ។

លោកបន្ថែមថាតាមរយៈការប្តេជ្ញាចិត្តក្នុងការគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធក្នុងការជំរុញការនាំចេញកសិផល និងផលិតផលចំណីអាហារ សមាគម IDI បានរៀបចំដំណើរទស្សនកិច្ចនេះឡើង ដើម្បីបង្កើតឱកាសជួបអ្នកបញ្ជាទិញ, បង្កើនការយល់ដឹង និងបទពិសោធន៍ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមអំពីតម្រូវការមូលដ្ឋាន និងលក្ខខណ្ឌកត្តិយុត្តពាក់ព័ន្ទនឹងការនាំចេញ ក៏ដូចជាស្តង់ដារនៃការផលិត ស្តង់ដារអនាម័យ និងការវេចខ្ចប់ផលិតផលចំណីអាហារ សំដៅជំរុញការនាំចេញទៅសហរដ្ឋអាមេរិក។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បន្តថា «សហរដ្ឋអាមេរិកគឺជាទីផ្សារចម្បងមួយដែលកំពុងធ្វើពាណិជ្ជកម្មជាមួយកម្ពុជា នឹងនៅតែបន្តជាគោលដៅនាំចេញដ៏សំខាន់សម្រាប់កម្ពុជា។ យើងសង្ឃឹមថា តាមរយៈទស្សនកិច្ចកាលពីខែមីនា ឆ្នាំ២០២៣ និងទស្សនកិច្ចលើកនេះ យើងនឹងចាប់ផ្តើមឃើញបណ្តើរៗនូវកសិផល និងផលិតផលចំណីអាហារសក្តានុពលមួយចំនួននៅលើបញ្ជីផលិតផលនាំចេញទៅសហរដ្ឋអាមេរិក ដែលសមិទ្ធផលនេះនឹងចូលរួមបង្កើននូវបរិមាណផលិតកម្ម និងប្រាក់ចំណូលសម្រាប់កសិករ និងអ្នកនាំចេញកម្ជុជា»

តាមរយៈដំណើរទស្សនកិច្ចទៅស្វែងរកទីផ្សារនៅសហរដ្ឋអាមេរិកលើកទី៣នេះ ទទួលបាន សមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះដែរក្រុមហ៊ុនដែលទៅចូលរួមក្នុងដំណើរទស្សនកិច្ចនេះ បានចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា និងសន្និសីទធុរកិច្ច ដោយបានដាក់តាំងផលិតផលជាង៥០ស្តង់ ដែលមានអាជីវកម្ម និងផលិតផលផ្សេងៗដូចជា ផ្លែឈើស្រស់ និងកែច្នៃ ស្វាយចន្ទី គ្រឿងទេស គ្រឿងសម្អាង គ្រឿងតំហែទាំខ្លួនប្រាណ ទឹកមាត់ត្រចៀកកាំ និងប្រតិបត្តិករក្នុងសេវាភស្តុភារកម្ម ដែលមានចូលរួមពីអ្នកទស្សនាលើសពី ៥០០នាក់ ។ ចំណែកផលិតផលជាច្រើនដែលបានដាក់តាំងបង្ហាញ ត្រូវបានលក់ចេញស្ទើរតែទាំងអស់នៅអំឡុង និងបន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៍ត្រូវបានបញ្ចប់។

ជាមួយគ្នានេះ ផ្សារទំនើបអាស៊ីមួយដែលមានឈ្មោះថា ហ្ស៊ួនហ្វា (Shun Fat Supermarket) មានសាខាចំនួន២៦ នៅរដ្ឋ កាលីហ្វ័រញ៉ា ណេវ៉ាដា និងតិចសាស់ បានបង្ហាញចំណាប់អារម្មណ៍ និងជំហរយ៉ាងច្បាស់លាស់ក្នុងការទទួលផលិតផលកសិកម្មកែច្នៃ និងផលិតផលចំណីអាហារពីកម្ពុជាតាមរយៈការរៀបចំរបស់សមាគម IDI។

ប្រតិភូមួយចំនួនបន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចនេះ បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ ក្នុងការបញ្ចូលដើមទុនបន្ថែមដើម្បីវិនិយោគក្នុងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពនាំចេញរបស់ខ្លួន ដូចជាការធ្វើពិពធកម្មលើផលិតផលផ្លែស្វាយ និងមៀន ការបង្កើតសេវាកម្មឃ្លាំងស្តុក ការកែលម្អផលិតផលគ្រឿងសំអាង និងតំហែទាំខ្លួនប្រាណ និងការកែច្នៃផ្លែឈើសម្ងួត។ល។

ក្នុងនាមជាដៃគូក្នុងការរៀបចំទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ បានមានប្រសាសន៏ថា «កន្លងមក សហគ្រិនខ្មែរ បានគាំទ្រដល់កម្មវិធីមួយចំនួនដែលបានរៀបចំដោយ សមាគម IDI រួមមាន សិក្ខាសាលាស្តីពីការនាំចេញក្នុងខែធ្នូ ឆ្នាំ ២០២២, ដំណើរប្រតិភូធុរកិច្ចកម្ពុជាទៅសហរដ្ធអាមេរិក ២ដង ក្នុងឆ្នាំ ២០២៣ ដែលលើកទីមួយបានរៀបចំឡើងក្នុងខែមិនា, និងលើកទី២បានបញ្ចប់ទៅថ្មីៗនេះក្នុងខែវិច្ឆិកា។ សហគ្រិនខ្មែរចូលរួមក្នុងសកម្មភាពនេះក្នុងគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ឲ្យសម្រេចបាននូវគោលដៅក្នុងការនាំចេញ តាមរយៈការតភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មក្នុងស្រុក និងអ្នកបញ្ជាទិញក្រៅប្រទេស ក៏ដូចជាវិនិយោគិននាៗក្នុងទីផ្សារសក្តានុពល។

យោងតាមស្ថិតិក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៤,៣៥៥ លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣។ផលិតផលសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅសហរដ្ឋអាមេរិកមានដូចជា សម្លៀកបំពាក់ ទំនិញផលិតពីស្បែក ទំនិញធ្វើដំណើរ កាបូប គ្រឿងម៉ាស៊ីន ឧបករណ៍ អគ្គិសនី និងស្បែកជើង។ កម្ពុជាបាននាំចូលពីសហរដ្ឋអាមេរិកវិញនូវយានយន្ត គ្រឿងចក្រ គ្រឿងយន្ត ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផល ឱសថ។

សមាគម IDI នឹងដាក់ឲ្យដំណើរការនូវ «កម្មវិធីច្រកពាណិជ្ជកម្មអន្តរជាតិតែមួយ» ជាមួយនឹងការបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងឡុងប៊ិច ដើម្បីផ្តល់ការគាំទ្រ និងផ្តល់ប្រឹក្សានៅទីផ្សារអាមេរិកដោយផ្ទាល់ដល់ធុរជនកម្ពុជា និងធុរជនសហរដ្ឋអាមេរិកដែលកំពុងស្វែងរកការធ្វើអាជីវកម្មនៅក្នុងប្រទេសទាំងពីរ។ សមាគមក៏នឹងគ្រោងរៀបចំបេសកកម្មធុរកិច្ចស្រដៀងគ្នានេះដែរនៅឆ្នាំក្រោយទៅកាន់ទីផ្សារក្រៅប្រទេសផ្សេងៗទៀតដែលរួមមានអូស្ត្រាលី កាណាដា បារាំង ជប៉ុន និងកូរ៉េ ហើយក៏គ្រោងនឹងរបៀបចំម្តងទៀតនៅសហរដ្ឋអាមេរិកផងដែរ៕