(ភ្នំពេញ)៖​ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់ចំនួន២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ​ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរ។

អនុស្សរណៈយោគយល់ចំនួន២រួមមាន៖
១៖​ កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។
២៖​ ការបង្កើតកិច្ចសម្របសម្រួល​ ក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះរៀបចំឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការចូលរួមពីលោកបណ្ឌិត Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

អនុស្សរណៈយោគយល់នេះ​ មានគោលបំណង ជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិន​ និងកម្ពុជា៕