(កូឡុំបូ)៖ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កាបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស្រីលង្កាគ្រោងនឹងបញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសថៃក្នុងខែធ្នូ និងចុះហត្ថលេខានៅថ្ងៃទី៣ ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសដីកោះមួយនេះបាននិងកំពុងបន្តការផ្តោតអាទិភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជួយសេដ្ឋកិច្ចដែលរងការខូចខាតរបស់ខ្លួនឱ្យងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

លោក Bandula Gunawardane អ្នកនាំពាក្យខុទ្ទកាល័យ និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «កិច្ចព្រមព្រៀងស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្រីលង្កា-ថៃ (SLTFTA) នឹងត្រូវបានចុះហត្ថលេខា ... បន្ទាប់ពីការបញ្ចប់ការពិភាក្សាជាច្រើនលើក»

ទិន្នន័យរបស់ធនាគារកណ្តាលស្រីលង្កាបង្ហាញថា ពាណិជ្ជកម្មទ្វាភាគីរបស់ប្រទេសទាំងពីរមានតម្លៃប្រហែល ៤៦០លានដុល្លារក្នុងឆ្នាំ២០២១។ ស្រីលង្កានាំចេញតែនិងត្បូងមានតម្លៃទៅកាន់ប្រទេសថៃ ហើយនាំចូលឧបករណ៍អេឡិចត្រូនិក អាហារ កៅស៊ូ ប្លាស្ទិក និងឱសថ។

ស្រីលង្កាបានចាប់ផ្តើមកិច្ចចរចាឡើងវិញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌាក្នុងខែនេះ ហើយបាននិយាយថា ខ្លួនចង់បានសម្រេចបាន FTA ជាមួយបង់ក្លាដែស និងចង់ក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលរួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង៕