(សិង្ហបុរី)៖ ទិន្នផលកៅស៊ូធម្មជាតិរបស់ប្រទេសថៃក្នុងឆ្នាំនេះ ទំនងជាធ្លាក់ចុះពី ៨ ទៅ ១០% ដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២០ ដោយសារភ្លៀងធ្លាក់ខ្លាំង និងកម្រិតប្រាក់ចំណេញទាបខ្លាំងបណ្តាលឱ្យមានការផ្អាកចៀរជ័រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីអ្នកគ្រប់គ្រងចម្ការមួយរូបដែលមានម៉ាស៊ីនកែច្នៃកៅស៊ូធំមួយនៅប្រទេសថៃដោយបដិសេធមិនបញ្ចេញឈ្មោះថា៖ «តម្លៃកៅស៊ូដើរមិនទាន់ការកើនឡើងចំណាយទេ ដែលនាំឱ្យពិបាកចំណេញសម្រាប់កសិករ»។

ការធ្លាក់ចុះទិន្នផលចន្លោះពី ៨ ទៅ ១០% នឹងធ្វើឱ្យទិន្នផលធ្លាក់មកនៅត្រឹមចន្លោះពី ៤,៦លានទៅ ៤,៧លានតោន។

ឧស្សាហកម្មកៅស៊ូស្ថិតក្នុងរដូវប្រមូលផលខ្ពស់បំផុតចាប់ពីខែកញ្ញាដល់ខែធ្នូ និងជារដូវនាំចេញ នៅពេលដែលក្រុមហ៊ុននានាទិញកៅស៊ូស្តុកទុកដើម្បីរៀបចំសម្រាប់ការផ្គត់ផ្គង់នៅក្នុងឆមាសទីមួយនៃឆ្នាំនីមួយៗ។

ប៉ុន្តែរោងចក្រកែច្នៃកៅស៊ូភាគច្រើននៅក្នុងប្រទេសថៃកំពុងដំណើរការត្រឹមតែ ៣០-៤០% នៃសមត្ថភាពផលិតប៉ុណ្ណោះ នេះយោងតាមលោកស្រី Farah Miller នាយកប្រតិបត្តិក្រុមហ៊ុន Helixtap Technologies ដែលជាក្រុមហ៊ុនទិន្នន័យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

អ្នកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «វាក៏មានបញ្ហារចនាសម្ព័ន្ធដែរ ដោយសារកសិករមួយចំនួន ជាពិសេសកសិករតូចតាចកំពុងផ្លាស់ប្តូរទៅដាំដំណាំផ្សេងទៀត… ដែលផ្តល់ប្រាក់ចំណេញច្រើនជាង ដូចជាដំណាំទុរេន និងដូងប្រេងជាដើម»។

យោងតាមធនាគារ Ayudhua បានឱ្យដឹងថា ប្រទេសថៃផ្គត់ផ្គង់កៅស៊ូជាង ៣០% នៃការផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោកក្នុងឆ្នាំ២០២២។ ប្រទេសចិនដែលជាអតិថិជនធំជាងគេក្នុងពិភពលោកទិញកៅស៊ូចំនួនជាង ៤៥% នៃការនាំចូលកៅស៊ូក្នុងពិភពលោក និងបានទិញចំនួន ៦,០៦លានតោន។

អ្នកគ្រប់គ្រងដដែលបានប្រាប់រ៉យទ័រថា មានការថយចុះគួរឱ្យកត់សម្គាល់នៃស្តង់ដារថែទាំដំណាំកៅស៊ូ ដោយកសិករប្រើប្រាស់ជីតិចជាងមុន ដើម្បីកាត់បន្ថយថ្លៃដើម ដែលនាំឱ្យផលិតកម្មជ័រធ្លាក់ចុះ៕