(សានហ្រ្វានស៊ីស្កូ)៖ ការឡើងកម្តៅជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុនបានឈានចូលរបត់ថ្មីមួយ នៅពេលដែលមេដឹកនាំប្រទេសទាំងពីរបានឈរជាមួយគ្នា ហើយបានប្រាប់ទស្សនិកជនអាមេរិកថា ពួកខ្លួនកំពុងសម្លឹងរកមើលមធ្យោបាយនានាដើម្បីពង្រឹងចំណងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

យោតាមទីភ្នាក់ងារព័ត៌មាន Bloomberg នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រាប់ក្រុមសហគ្រិននៅសាកលវិទ្យាល័យ Stanford កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ពួកខ្លួនកំពុងសម្លឹងរកមើលវិធីសាស្រ្តនានាដើម្បីផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីនៅក្នុងប្រទេសទាំងពីរ ដោយលោក Yoon បានលើកឡើងថា បើប្រទេសទាំងពីររួមកម្លាំងគ្នា ប្រទេសទាំងពីរគួរតែអាចបង្កើតដំណោះស្រាយនានាបានដែលជួយដោះស្រាយបញ្ហាសកលលោក។

លោក Kishida បានប្រាប់ក្រុមសហគ្រិនមុនពេលមានកិច្ចពិភាក្សាជាក្រុមជាមួយលោក Yoon ថា៖ «ចូរស្រមៃមើលថា ក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីមកពីប្រទេសជិតខាងពីរគឺជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាដើម្បីចូលរួមក្នុងការប្រកួតប្រជែងបែបមិត្តភាពជាមួយគ្នាទៅវិញទៅមក និងរួមគ្នាបង្កើតបានជាក្រុមហ៊ុនភាពជាដៃគូថ្មីៗ»។

លោក Yoon បាននិយាយថា៖ «កាលពីអតីតកាល នៅពេលដែលរដ្ឋាភិបាលបានគាំទ្រក្រុមហ៊ុនមួយ សញ្ជាតិរបស់ស្ថាបនិកក្រុមហ៊ុននោះពិតជាមានសារៈសំខាន់»។ លោកបានបន្ថែមថា លោកចង់គាំទ្រក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីនៅក្នុងប្រទេសជាមួយនឹងការយល់ថា វានឹងបើកឱកាសសម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក។

លោក Yoon និងលោក Kishida បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសានហ្រ្វានស៊ីស្កូ។ មេដឹកនាំទាំងពីរបានបន្តកិច្ចសហប្រតិបត្តិការការទូតឡើងវិញ ដែលបានជាប់គាំងដោយភាពបញ្ហាផ្នែកនយោបាយ និងបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕