(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីនិងឥណ្ឌូណេស៊ីកាលពីថ្ងៃសុក្របានប្រកាសពីការចាប់ផ្តើមតភ្ជាប់ការទូទាត់កូដ QR ឆ្លងព្រំដែន។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយរួមគ្នាដោយធនាគារកណ្តាលឥណ្ឌូនេស៊ី Bank Indonesia (BI) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលជាធនាគារកណ្តាលរបស់សង្ហបុរីថា ការតភ្ជាប់ការទូទាត់ឆ្លងព្រំដែននេះនឹងអនុញ្ញាតឱ្យអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោងទូទាត់នៅក្នុងប្រទេសទាំងពីរធ្វើការទូទាត់លក់រាយតាមរយរយៈការស្កេនកូដ QR។

ទន្ទឹមនឹងនេះអាជ្ញាធរ MAS របស់សិង្ហបុរីនិងធនាគារកណ្តាលម៉ាឡេស៊ី Bank Negara Malaysia (BNM) ក៏បានចាប់ផ្តើមការភ្ជាប់ប្រព័ន្ធទូទាត់តាមពេលវេលាជាក់ស្តែងរវាងសេវាទូទាត់ PayNow របស់ប្រទេសសិង្ហបុរី និងសេវាទូទាត់ DuitNow របស់ម៉ាឡេស៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នាដាច់ដោយឡែកមួយដែលចេញផ្សាយដោយអាជ្ញាធរ MAS និងធនាគារកណ្តាល BNM កាសែត Channel News Asia បានរាយការណ៍ថា ការចាប់ផ្តើមការទូទាត់នេះនឹងអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ភ្លាមៗប្រកបដោយសុវត្ថិភាព មានប្រសិទ្ធិភាពចំណាយ និងការផ្ញើប្រាក់រវាងប្រទេសទាំងពីរ។

ការតភ្ជាប់ការទូទាត់ឆ្លងព្រំដែនទាំងនេះត្រូវបានដាក់ឱ្យដំណើរការនៅឯកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅសិង្ហបុរីដោយនាយកគ្រប់គ្រងអាជ្ញាធរ MAS លោក Ravi Menon និងសមភាគីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

ការចាប់ផ្តើមការទូទាត់ QR ឆ្លងព្រំដែនរវាងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីធ្វើឡើងបន្ទាប់ពីធនាគារកណ្តាល BI និងអាជ្ញាធរ MAS បានប្រកាសពីការបង្កើតទំនាក់ទំនងទូទាត់នេះកាលពីឆ្នាំមុន។

ដើម្បីទូទាត់ប្រាក់ អតិថិជនគ្រាន់តែប្រើកម្មវិធីធនាគារចល័តដែលមានស្រាប់របស់ពួកគេ ដើម្បីស្គែន QRIS (កូដឆ្លើយតបរហ័សរបស់ឥណ្ឌូនេស៊ី) ឬកូដ NETS QR ដែលអ្នកលក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីដាក់បង្ហាញឱ្យពួកគេស្គែនដើម្បីទូទាត់។

ធនាគារកណ្តាលទាំងពីរបានឱ្យដឹងថា៖ «ការតភ្ជាប់ការទូទាត់ QR ឆ្លងព្រំដែននេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ BI និង MAS ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មកាន់តែច្រើននៃសេដ្ឋកិច្ចឌីជីថល និងប្រព័ន្ធអេកូហិរញ្ញវត្ថុ ក៏ដូចជាការជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី»

ធនាគារទាំងពីរបានបន្ថែមថា៖ «ជាមួយនឹងភាពងាយស្រួលនៃការទូទាត់កាន់តែខ្លាំងនេះ ការតភ្ជាប់ការទូទាត់នេះអាចឱ្យអាជីវកម្មមីក្រូ និងខ្នាតតូចទាញយកក្រុមអតិថិជនថ្មីនៅក្នុងប្រទេសទាំងពីរទៅវិញទៅមក»

ស្ថាប័នហិរញ្ញវត្ថុមកពីប្រទេសសិង្ហបុរីដែលចូលរួមក្នុងការទូទាត់នេះរួមាមាន ធនាគារ OCBC និងធនាគារ UOB ខណៈដែលធនាគារ DBS រំពឹងថានឹងចូលរួមនៅពេលបន្ទាប់ ស្របពេលដែលស្ថាប័នហិរញ្ញវត្ថុពីប្រទេសឥណ្ឌូនេស៊ីរួមមានធនាគារ Bank Central Asia, ធនាគារ Bank Mega, ធនាគារ Bank Pembangunan Daerah Bali និងធនាគារផ្សេងទៀត។

កាលពីខែមីនា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានបើកដំណើរការតភ្ជាប់ការទូទាត់កូដ QR ដែលអាចឱ្យអតិថិជនទូទាត់ប្រាក់ឆ្លងប្រទេសទៅកាន់អ្នកលក់ដោយប្រើកម្មវិធីសេវាទូទាត់ PayNow របស់ប្រទេសសិង្ហបុរី និងកម្មវិធី DuitNow របស់ម៉ាឡេស៊ី។

កាលពីថ្ងៃសុក្រ អាជ្ញាធរ MAS និងធនាគារកណ្តាល BNM បានប្រកាសថា អ្នកប្រើប្រាស់សេវាបង់ប្រាក់ទាំងពីរ ឥឡូវនេះនឹងអាចធ្វើការផ្ទេរប្រាក់ឆ្លងប្រទេសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានដោយប្រើលេខទូរស័ព្ទចល័ត និងអាសយដ្ឋានទូទាត់និម្មិត។ នេះបើយោងតាមកាសែត Channel News Asia៕