(ប៉េកាំង)៖ ធនាគារកណ្តាលនិងនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីថ្ងៃសុក្របានប្តេជ្ញាធានាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់វិស័យអចលនទ្រព្យ និងធ្វើការរួមគ្នាដើម្បីដោះស្រាយហានិភ័យបំណុលរបស់រដ្ឋាភិបាលមូលដ្ឋាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មេដឹកនាំចិនកំពុងព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុដែលអាចកើតមានពីការធ្លាក់ចុះអចលនទ្រព្យ និងបំណុលរបស់រដ្ឋាភិបាលមូលដ្ឋានចំនួន ៩២ពាន់ពាន់លានយន់ (១២,៧៧ពាន់ពាន់លានដុល្លារ)។

បន្ទាប់ពីមានកិច្ចប្រជុំដែលធ្វើឡើងដោយធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុ គណៈកម្មការនិយតកម្មមូលបត្រចិនបានឱ្យដឹងកាលពីថ្ងៃសុក្រថា ស្ថាប័នហិរញ្ញវត្ថុនឹងឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទានសមហេតុផលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។

គណៈកម្មការនិយតកម្មមូលបត្រចិនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុសម្រាប់វិស័យអចលនទ្រព្យ តាមរយៈឥណទានធនាគារ មូលបត្របំណុល និងមូលបត្រកម្មសិទ្ធិកំពុងទទួលបានភាពទាក់ទាញ។

និយតករនេះបានបន្ថែមថា ប្រទេសចិននឹងជំរុញការពង្រីកឥណទានប្រកបដោយស្ថិរភាព ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយស្ថាប័នហិរញ្ញវត្ថុគួរតែធ្វើការជាមួយរដ្ឋាភិបាលមូលដ្ឋាន ដើម្បីដោះស្រាយហានិភ័យបំណុលតាមរយៈការពង្រីក ដោះដូរ ឬការរៀបចំឥណទានឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕