(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានផ្ដល់នូវគន្លឹះសំខាន់៥យ៉ាង ដល់ផ្សារមូលបត្រកម្ពុជា​ (CSX) ដើម្បីទាកទាញក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនឲ្យមកបង្កើតការវិនិយោគនៅ CSX។

ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ត្រូវបានរៀបចំជាលើកទី៦ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ដើម្បីលើកស្ទួយវិស័យមូលបត្រនៅកម្ពុជា។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានឲ្យដឹងថា​ ដើម្បីលើកស្ទួយ និងជំរុញវិស័យមូលបត្រនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង និងទាក់ទាញក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនឲ្យមកបង្កើតការវិនិយោគនៅ CSX សូមជូននូវគន្លឹះសំខាន់ៗមួយចំនួនដូចជា៖

១៖ បង្កើតកម្មវីធីផ្សព្វផ្សាយ ជាសាធារណៈឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងត្រូវបញ្ជ្រាបឲ្យច្បាស់ នូវអត្ថប្រយោជន៍រយៈពេលវែង មធ្យម និងខ្លី ព្រមទាំងគូសរំលេចពីលទ្ធភាពដែលទទួលបានដើមទុនបន្ថែម ដើម្បីមានឱកាសពង្រីកផលិតកម្ម និងអាជីវកម្ម។

២៖ បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នហិរញ្ញវត្ថុ សមាគមធុរកិច្ចជាតិ និងអន្ដរិជាតិ ដើម្បីបង្កើតបណ្ដាញទំនាក់ទំនង និងលើកទឹកចិត្តក្រុមហ៊ុនសក្ដានុពលកាន់តែច្រើន ក្នុងការចុះបញ្ជី ផ្សារមូលបត្រ។

៣៖ លើកកម្ពស់ការផ្ដល់សេវាគាំទ្រ សម្រាប់ក្រុមហ៊ុនសក្ដានុពល ដែលពិចារណាលើការចុះបញ្ជី ក្នុងលើផ្សារមូលបត្រ ព្រមទាំងការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុ និងជំនួយផ្នែកច្បាប់។

៤៖ បង្កើតទំនាក់ទំនង និងឱកាសសម្រាប់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ ចុះបញ្ជីក្នុងផ្សារមូលបត្រ ដែលជាការការលើកទឹកចិត្តដល់ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អាចទទួលបានអត្ថប្រយោជន៍ ពីការផ្ដល់ហិរញ្ញប្បទានសាធារណៈ តាមរយៈផ្សារមូលបត្រ។

៥៖ ធ្វើកម្មវិធីបង្ហាញផ្លូវ​ និងបទបង្ហាញរបស់ក្រុមហ៊ុនចុះបញ្ជី ក្នុងផ្សារមូលបត្រ បើកឱកាសឲ្យមានសំណួរ ចម្លើយ និងការផ្លាស់ប្ដូរយោបល ដើម្បីបង្កើនការចូលរួមផ្ទាល់ពីវាគ្មិនវិនិយោគិនសក្ដានុពល។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមថា តាមរយៈការរួមបញ្ជូលគ្នានូវយន្ដការជំរុញទាំងអស់នេះ ផ្សារមូលបត្រកម្ពុជានឹងអាចបង្កើតបរិយាកាស ទាក់ទាញបន្ថែមទៀត សម្រាប់ក្រុមហ៊ុនសក្ដានុពល ដែលកំពុងពីចារណាលើការចុះបញ្ជី និងវិនិយោគិនដោយលើកទឹកចិត្តពួកគេ ទាញយកអត្ថប្រយោជន៍នៃឱកាស ដែលបង្កើតឡើងដោយផ្សារមូលបត្រកម្ពុជានេះ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងថា ផ្សារមូលបត្រកម្ពុជា បានឈានមកដល់ជំនាន់ថ្មីមួយទៀត គឺផ្សារមូលបត្រកម្ពុជាជំនាន់ទី ៣ (CSX 3.0) តាមរយៈការបើកគណនីជួញដូរតាមអនឡាញ ដោយទទួលបានគណនីជួញដូរភ្លាមៗ បន្ទាប់ពីភ្នាក់ងារក្រុមហ៊ុនមូលបត្រ បានពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរួចរាល់។

សូមជម្រាបថា​ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

១៖ លើកស្ទួយវិស័យមូលបត្រនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងការបញ្រ្ជាបការយល់ដឹង ដល់សាធារណជន ជាពិសេស វិនិយោគិនសក្តានុពល ទាំងវិនិយោគិនជាតិ និង អន្តរជាតិ ឱ្យបាន ស្គាល់ និង យល់ដឹងបន្ថែម អំពីផ្សារមូលបត្រកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ដ៏ច្រើននៃទីផ្សារនេះ ។

២៖ ផ្តល់ឱកាសជូនវិនិយោគិន និងសាធារណជន ក្នុងការសិក្សាស្វែងយល់កាន់តែច្បាស់អំពីវិស័យមូលបត្រនៅកម្ពុជា តាមរយៈជំនួបផ្ទាល់ជាមួយ និយ័តករ, ប្រតិបត្តិករ, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនបោះផ្សាយមូលបត្រ និង តួអង្គពាក់ព័ន្ធផ្សេងៗ។

៣៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ជំនាន់ទី២: តាមរយៈការតភ្ជាប់ជាមួយ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និង ប្រព័ន្ធផ្តល់លេខអត្តសញ្ញានវិនិយោគិនតាមអនឡាញ (Investor ID Online) របស់និយ័តករមូលបត្រកម្ពុជា, វិនិយោគិនអាចទទួលបានគណនីជួញដូរភ្លាមៗ នៅគ្រប់ទីកន្លែង និងដោយស្វ័យប្រវត្តិ ។

៤៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ប្រូម៉ូសិនពិសេស សម្រាប់វិនិយោគិនថ្មី តាមរយៈការជំរុញការបើកគណនីជួញដូរ ដោយផ្តល់ជូនសាធារណជននូវលេខអត្តសញ្ញាណវិនិយោគិន និង គណនីជួញដូរ ដោយឥតគិតថ្លៃ, ការបញ្ចុះកម្រៃជើងសារ ៥០%រហូតដល់ចុងឆ្នាំ ២០២៣ និង ការលេងល្បែងកម្សាន្តផ្សេងៗ ដើម្បីទទួលបានរង្វាន់ជាសាច់ប្រាក់ ឬ ភាគហ៊ុន ដែលដាក់ចូលក្នុងគណនីវិនិយោគ បន្ទាប់ពីវិនិយោគិនបានដាក់ស្នើ និង ទទួលបានគណនីភ្លាមៗ៕