(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាចំនួន៤ បានចេញទៅស្វែងរកទីផ្សារនាំចេញស្វាយចន្ទីកែច្នៃបន្ថែម នៅទីផ្សារសហរដ្ឋអាមេរិក ដែលរំពឹងថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងឈានចូលទីផ្សារអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសនៅរដូវប្រមូលឆ្នាំក្រោយ ដែលនឹងចាប់ផ្តើមពីខែកុម្ភៈដល់ខែឧសភា ដើម្បីបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រុមហ៊ុនចំនួន៤រួមមាន ក្រុមហ៊ុន AMPLE សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី Madam Laihourt និង Cashew Village  ត្រូវបានជ្រើសរើសឱ្យមកចូលរួមការពិព័រណ៍នៅទីក្រុងឡុងប៊ិច និងទីក្រុងឈីកាហ្គោ ដើម្បីស្វែងរកទីផ្សារនាំចូលគ្រាប់ស្វាយចន្ទី ។

លោកបានឱ្យដឹងថា ក្នុងដំណើរទៅស្វែងរកទីផ្សារនាំចូលស្វាយចន្ទី នៅសហរដ្ឋអាមេរិកនេះ ក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជាទាំង ៤បានដាក់តាំងបង្ហាញផលិតផលស្វាយចន្ទីកម្ពុជា ទៅអ្នកបញ្ជាទិញ អ្នកនាំចូល និងអ្នកលក់រាយស្វាយចន្ទី របស់អាមរិក។

លោកបានបញ្ជាក់បន្ថែមថា ដំណើរការស្វែងរកទីផ្សារស្វាយចន្ទី នៅសហរដ្ឋអាមេរិកនេះ ហាក់ទទួលបានភាពវិជ្ជមានច្រើន ដោយមានក្រុមហ៊ុនមួយចំនួន ទទួលបានភ្លើងបៃតងក្នុងការបញ្ជាទិញផងដែរ។

តែយ៉ាងណាលោកលើកឡើងឡើងថា ការនាំចូលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអាមេរិក មិនមែនជារឿងងាយស្រួលនោះទេ ទាមទារឱ្យមានការសិក្សាច្រើន ពីនិតិវិធីនៃការនាំចូល និងតម្លៃទីផ្សារជាដើម។

លោកបានឱ្យដឹងបន្ថែមថា «ក្រុមហ៊ុនដែលគាត់ទទួលបានការបញ្ជាទិញនោះ គាត់កំពុងតែសិក្សាលម្អិត ព្រោះអីនៅពេលដែលយើងមកអាមេរិកនេះ យើងបានរៀនច្រើនទាក់ទងនឹងតម្លៃទីផ្សារចន្ទី នៅអាមេរិក ប្រភេទចន្ទីដែលគេដាក់នៅអាមេរិក និងសិក្សាអំពីប្រព័ន្ធនាំចូលស្វាយចន្ទីជាដើម»

លោកបានលើកឡើងថា អ្នកបញ្ជាទិញទាំងនោះ បានតម្រូវឱ្យផលិតផលិតស្វាយចន្ទីកម្ពុជា ត្រូវផលិតស្របតាមលក្ខខណ្ឌស្តង់ដារ តម្លៃត្រូវមានការប្រកួតប្រជែង និងបរិមាណច្រើន ព្រោះអាមេរិកជាទីផ្សារជាទីផ្សារធំ ហេតុនេះហើយ ទាក់ទងនឹងបរិមាណ ដែលអាចនាំចូលគឺពិតជាសំខាន់ ប្រសិនបើក្រុមហ៊ុនណាមួយគ្មានបរិមាណផ្គត់ផ្គង់គ្រប់គ្រាន់ ក៏គេមិនបញ្ជាទិញនោះដែរ។

លោកបន្តថា «សហព័ន្ធសម្របសម្រួលជាមួយក្រុមហ៊ុន ដែលបានមកតាំងពិព័រណ៍ទាំង៤ក្រុមហ៊ុននេះ ត្រូវសហការគ្នាបែបម៉េច ដើម្បីធ្វើឱ្យសម្រេចបាននូវកត្តាទាំងបី គឺត្រូវផលិតឱ្យបានតាមស្តង់ដារត្រឹមត្រូវ មានបរិមាណគ្រប់គ្រាន់តាមតម្រូវការ និងមានតម្លៃដែលអាចប្រកួតប្រជែងមួយ គឺយើងចង់រួមគ្នា ដើម្បីធ្វើយ៉ាងឱ្យនាំចូលគ្រាប់ចន្ទីមកទីផ្សារអាមេរិកបាន»

ក្រៅពីការតាំងពិព័រណ៍បង្ហាញផលិតផលស្វាយចន្ទីកម្ពុជា ដល់អ្នកទិញនៅសហរដ្ឋអាមរិក ក្រុមអ្នកផលិត និងកែច្នៃស្វាយចន្ទីកម្ពុជា ក៏បានទៅទស្សនកិច្ចទីផ្សារសំខាន់ៗប្រមាណ៥ ដែលជាកន្លែងមានដាក់លក់ផលិតផលផលស្វាយចន្ទី នៅអាមេរិកផងដែរ។

លោកបានឱ្យដឹងថា «ជារួមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុននីមួយៗ បានទំនាក់ទំនងជាមួយក្រុមហ៊ុនដែលជាដៃគូប្រមាណពី១០ទៅ១៥ក្រុមហ៊ុន ដើម្បីពិភាក្សា និងផ្សព្វផ្សាយពីផលិតផលស្វាយចន្ទីកែច្នៃ ទៅដល់ក្រុមហ៊ុនបញ្ជាទិញនៅអាមេរិក»។

លោកសង្ឃឹមថា ស្វាយចន្ទីកែច្នៃរបស់កម្ពុជា នឹងនាំចូលទីផ្សារអាមេរិកនាពេលខាងមុខ ព្រោះក្រុមហ៊ុនផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា បានជួបដោយផ្ទាល់ពីជាមួយអ្នកបញ្ជាទិញពិតប្រាកដ និងការសហការពីក្រុមហ៊ុនប្រឹក្សាយោបល់ ដើម្បីជំរុញឱ្យក្រុមហ៊ុនកម្ពុជា នាំចូលស្វាយចន្ទីមកអាមរិក ឱ្យខានតែបាន ជាពិសេសនៅរដូវប្រមូលផលខាងមុខនេះ គឺចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤។ 

សូមជម្រាបថា ក្រុមហ៊ុនទាំង៤ ដែលត្រូវបានជ្រើសដើម្បីយកផលិតផលស្វាយចន្ទីខ្មែរ ទៅរកទីផ្សារនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ ក្រោមការជួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធស្វាយចន្ទី និងគម្រោង Havest III USAID៕