(ភ្នំពេញ)៖ គិតត្រឹមរយៈពេល១០ខែ ពោចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស មានជាង៤លាននាក់ កើនឡើង១៤៤ភាគរយ ចំណែកជើងហោះហើរមានជាង៤១ពាន់ជើង កើនឡើង៩៣ភាគរយ។

នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្តី្រទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ថ្លែងឲ្យដឹងក្នុងកម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា «រយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ទទួលបានអ្នកដំណើរចំនួន៤.១១២.១៧៧លាននាក់ កើនឡើង១៤៤ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ រីឯជើងហោះហើរមានចំនួន ៤១,៥៩៦ជើង កើនឡើង៩៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២»

លោកបណ្ឌិតបន្ដថា ដោយឡែកនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ជាមធ្យមមានជើងហោះហើរចំនួន៩១០ជើង ក្នុងមួយសប្តាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុន អាកាសចរណ៍ ក្នុងស្រុក និងក្រៅស្រុកចំនួន៣២ក្រុមហ៊ុន ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨មាន ចិន កូរ៉េខាងត្បូង តំបន់រដ្ឋាភិបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា «ជារួមអាចសន្មតបានថា វិស័យឧស្សាហកម្មតាមផ្លូវអាកាសនៅ កម្ពុជាបានស្តារឡើងវិញជាង ៥៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩»

លោកបណ្ឌិតបានបញ្ជាក់ថា ជាការពិតនៅឆ្នាំ២០១៩ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បានទទួលអ្នកដំណើរតាមផ្លូវអាកាសចំនួន៣,៩លាននាក់ និងទទួលជើងហោះហើរជិត៤០ពាន់ជើង (ទ្វេរទិស) ដែលក្នុងមួយថ្ងៃមានជើងហោះហើរប្រមាណជាង១០០ជើង។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា «បើទោះបីជាបច្ចុប្បន្ន មានជើងហោះហើរប្រចាំថ្ងៃត្រឹមតែ៣៤ជើង ឬស្មើ៣២% នៃឆ្នាំ២០១៩ តែយើងសង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងនៃ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជា ទាក់ទាញជើងហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក និងក្រៅស្រុក ពិសេសជើងហោះហើរពីប្រទេសចិន ដែលអាចធ្វើឱ្យវិស័យអាកាសចរណ៍នៅកម្ពុជា ត្រលប់មកប្រក្រតីភាពវិញនាពេលឆាប់ៗនេះ»

អាកាសយានដ្ឋាន​អន្តរ​ជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាសមិទ្ធផលដ៏មហាសាល​មួយ​ទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់​កម្ពុជា​ផ្នែក​ទេសចរណ៍។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់​ផ្លូវ​អាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជា​បណ្តា​​មានសក្តានុពលទេសចរណ៍ដទៃទៀត។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានបញ្ជាក់បន្ថែមថា «ជាក់ស្តែងបន្ថែមពីលើអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះ កម្ពុជាបាននិងកំពុងសាងសង់ អាកាសយានដ្ឋានអន្តរជាតិចំនួន២ទៀត គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតារាសាគរ និងលើកកម្រិតស្តង់ដាអាកាសយានដ្ឋានអន្តរជាតិចំនួន១ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ»

លោកបណ្ឌិតបានបន្ដថា ជាមួយគ្នានេះក៏មានគម្រោងអភិវឌ្ឍ អាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងអាកាសយានដ្ឋានកោះរុង ក៏ស្ថិតនៅក្នុងរបៀបវារៈផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍។ ក្នុងនោះក៏បានធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងបញ្ជាចរាចរណ៍ដែនអាកាស ដោយធ្វើការផ្លាស់ប្តូរពីប្រព័ន្ធ AIS (ធម្មតា) ទៅ AIM (ឌីជីថល) ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត ក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា៕