(ភ្នំពេញ)៖ ផលិតផលផ្លែកាហ្វេស្រស់ ឬ ផ្លែកាហ្វេឆៅ ចម្រុះនៅខេត្តមណ្ឌលគិរីមានការកើនឡើងជាអតិបរមា ចន្លោះពី២០០រៀល ទៅ៣០០រៀល ក្នុង១គីឡូក្រាម សម្រាប់ឆ្នាំ២០២៣នេះ ក្រោយពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់ រវាងអ្នកក្រុមផលិតជាមួយក្រុមហ៊ុនប្រមូលទិញ។

លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី មានប្រសាសន៏ថា «តម្លៃផ្លែកាហ្វេស្រស់ ឬ ផ្លែកាហ្វេឆៅ ចម្រុះមានតម្លៃចន្លោះ១៣៥០រៀល ទៅ១៥០០រៀលនៅក្នុងឆ្នាំ ២០២៣ នេះ ដែលកើនឡើងពី២០០រៀល ទៅ៣០០រៀល ហើយរំពឹងថាតម្លៃផ្លែកាហ្វេស្រស់ ឬ ផ្លែកាហ្វេឆៅ ចម្រុះនៅតែអាចបន្តកើនដល់ចន្លោះពី១៤០០ ទៅ១៦០០រៀលក្នុង១គីឡូក្រាម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

« រីឯផ្លែកាហ្វេលេខ១ មានការកើនឡើងខ្លាំងរហូតដល់តម្លៃ ២២០០រៀលក្នុង១គីឡូក្រាម និងផ្លែកាហ្វេលេខ២ មានតម្លៃ១៨០០រៀលក្នុង១គីឡូក្រាម ហើយចំណែកឯ ផ្លែកាហ្វេលេខ៣ មានតម្លៃ ១៥០០រៀលក្នុង១គីឡូក្រាមផងដែរ» នេះបើយោងតាមលោក ម៉ម មករា ប្រធានផ្នែកខាងសហគ្រាសលីងកាហ្វេរបស់ក្រុមហ៊ុន ខូហ្វី ដែលជាអ្នកប្រមូលទិញផ្លែកាហ្វេប្រភេទនេះដោយផ្ទាល់។

ប្រធានមន្ទីរកសិកម្មខេត្តបានបន្តថា «កត្តាដែលធ្វើឲ្យតម្លៃផ្លែកាហ្វេស្រស់ ឬផ្លែកាហ្វេឆៅ មានការកើនឡើង ដោយសារតែមានការសហការជាមួយគ្នា រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន ខូហ្វី ក្នុងរយៈពេល២ឆ្នាំដើម្បីប្រមូលទិញយក ផ្លែកាហ្វេស្រស់ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ»

មិនត្រឹមតែប៉ុណ្ណោះ ការរក្សាតម្លៃទីផ្សារ ផលិតផលផ្លែកាហ្វេស្រស់ ឬផ្លែកាហ្វេឆៅ បានចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅកសិករ កាន់តែប្រសើរឡើង និងមានភាពធន់ជាងមុន និងអាចពង្រឹងទៅលើការដាំដុះដើម្បីធានានូវខ្សែចង្វាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារ និងនិរន្តរភាព។

បើយោងតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹមឆ្នាំ២០២៣ មានកសិករប្រមាណចំនួន ៣៦៥គ្រួសារ និងក្រុមហ៊ុនចំនួន១ ដែលមានផ្ទៃដីសរុបចំនួន ៥២៥ហិកតា បានធ្វើការដាំដុះកាហ្វេ បើទោះបីជាចំនួនគ្រួសារមានការកើនឡើងបន្តិចបន្តួច តែមានការពង្រីកផ្ទៃដីដាំដុះជាងមុន៕