(ហុងកុង) ៖ ភាគហ៊ុននៅទីក្រុងហុងកុងរបស់ក្រុមហ៊ុន Alibaba Group បានធ្លាក់ចុះ ១០ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមហ៊ុនបានលុបចោលផែនការផ្តាច់អាជីវកម្មកុំព្យូទ័រខ្លោដរបស់ខ្លួនចេញពីក្រុមហ៊ុនមេ ដោយលើកឡើងពីភាពមិនច្បាស់លាស់ដោយសារការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់អាមេរិកទៅកាន់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការធ្លាក់ចុះតម្លៃភាគហ៊ុននេះ ដែលអាចជាការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលមួយថ្ងៃក្នុងរយៈពេលជាងមួយឆ្នាំ បានធ្វើឱ្យក្រុមហ៊ុន Alibaba បាត់បង់តម្លៃទីផ្សារប្រហែល ២០ពាន់លានដុល្លារ។

ការធ្លាក់ចុះនេះជាប្រតិកម្មទីផ្សារដំបូងគេនៅអាស៊ីចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ចិនមួយនេះបានប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្ត្រគួរឱ្យភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ភាគហ៊ុនដែលចុះបញ្ជីនៅផ្សារហ៊ុនសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនបានធ្លាក់ថ្លៃ ៩ភាគរយហ៊ុនៅពេលបិទការជួញដូរកាលពីល្ងាចថ្ងៃសុក្រ។

លោក Shi Jialong អ្នកវិភាគមកពីក្រុមហ៊ុន Nomura បានសរសេរនៅក្នុងកំណត់សម្គាល់មួយថា៖ «ការលុបចោលផែនការបំបែកអាជីវកម្មខ្លោដ AliCloud គឺជាការភ្ញាក់ផ្អើលអវិជ្ជមាន»

ក្តីបារម្ភរបស់ក្រុមហ៊ុន Alibaba អំពីការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិកដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោនក្នុងខែតុលា កើតមានឡើងស្របគ្នានឹងក្តីបារម្ភស្រដៀងគ្នានេះដែលត្រូវបានលើកឡើងក្នុងសប្តាហ៍នេះនៅតាមបណ្តាញទំនាក់ទំនងសង្គមចិន និងក្រុមហ៊ុនហ្គេម Tencent Holdings ដែលបាននិយាយថា ការរឹតបន្តឹងនេះនឹងបង្ខំឱ្យខ្លួនស្វែងរកជម្រើសដែលផលិតក្នុងស្រុកជំនួសវិញ។

ក្រុមហ៊ុន Alibaba ដែលធ្លាប់ជាក្រុមហ៊ុនមានតម្លៃទីផ្សាធំបំផុតនៅអាស៊ី មានតម្លៃប្រហែល ៨៣០ពាន់លានដុល្លារក្នុងខែតុលា ឆ្នាំ២០២០ ប៉ុន្តែឥឡូវនេះមានតម្លៃតិចជាងមួយភាគបួន ដោយសារក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចនេះបានស្ថិតក្នុងដំណាក់កាលនៃការបង្ក្រាបផ្នែកបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង និងខណៈពេលដែលសេដ្ឋកិច្ចចិនកំពុងថមថយកំណើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕