(គូឡាឡាំពួរ)៖ សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីបានកើនឡើងខ្ពស់ជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ដោយធនាគារកណ្តាលរបស់ប្រទេសនេះរំពឹងថា តម្រូវការក្នុងស្រុកដ៏រឹងមាំនឹងបន្តប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) និងនាយកដ្ឋានស្ថិតិថា កំណើនផលិតផលក្នុងស្រុកសរុប (ផសស) បានកើនឡើង ៣,៣ភាគរយនៅត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការព្យាកររបស់អ្នកវិភាគដែលថាមានកំណើនត្រឹមតែ ៣ភាគរយ និងខ្ពស់ជាងកំណើននៅត្រីមាសទី២ ដែលសម្រេចបាន ២,៩ ភាគរយដែលជាកំណើនទាបបំផុតក្នុងរយៈពេលជិត ២ឆ្នាំ។

តួលេខនេះមានភាពស្របគ្នាទៅនឹងការព្យាករដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា។

លោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី BNM ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានរំពឹងថានឹងសម្រេចបានតាមទិសដៅរបស់រដ្ឋាភិបាលចំនួន ៤ភាគរយនៅឆ្នាំនេះ ដែលជំរុញដោយការចំណាយក្នុងស្រុកដ៏រឹងមាំ ភាពប្រសើរឡើងនៃស្ថានភាពទីផ្សារការងារ និងការកើនឡើងវិស័យទេសចរណ៍។

លោកបានមានប្រសាសន៍ថា៖ «មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនៅតែមានកំណើនរឹងមាំនិងទទួលបានការគាំទ្រឆ្ពោះទៅមុខ»។ លោកបានបន្ថែមថា ផ.ស.ស បានកើនខ្ពស់ជាងកម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩។

រដ្ឋាភិបាលម៉ាឡេស៊ីប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងចន្លោះពី ៤ ទៅ ៥ ភាគរយនៅឆ្នាំ ២០២៤។ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍មួយនេះបានប្រឈមមុខនឹងកំណើនយឺតខ្លាំងនៅឆ្នាំនេះ បន្ទាប់ពីទទួលបានកំណើនខ្ពស់រយៈពេល ២២ឆ្នាំ ៨,៧ភាគរយក្នុងឆ្នាំ២០២២ ក្នុងគ្រាដែលតម្រូវការទំនិញនៅទីផ្សារអន្តរជាតិធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕