(បាងកក)៖ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានឱ្យដឹងនៅសប្តាហ៍នេះថា ប្រទេសថៃបានដំឡើងទិសដៅនាំចេញអង្កររបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ដល់ ៨,៥លានតោន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកបានមានប្រសាសន៍ថា៖ «អង្ករវៀតណាមមានតម្លៃថ្លៃ ដូច្នេះប្រទេសនានាដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ីកំពុងបង្កើនការបញ្ជាទិញអង្ករថៃ»

លោកបន្តថា អង្ករថៃលក់ក្នុងតម្លៃប្រហែល ៥៥០ ទៅ ៥៥៥ ដុល្លារក្នុងមួយតោន ខណៈអង្ករវៀតណាមមានតម្លៃប្រហែល ៦៣០ ដុល្លារ។

ប្រទេសថៃជាប្រទេសនាំចេញអង្ករធំទីពីរក្នុងពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។ រដ្ឋាភិបាលថៃកន្លងមកបានព្យាករថានឹងនាំចេញអង្ករចំនួន ៨លានតោន។

លោក Chookiwat បានថ្លែងទៀតថា ផលិតកម្មស្រូវរបស់ប្រទេសថៃក្នុងឆ្នាំនេះបានមើលឃើញផលប៉ះពាល់តិចតួចប៉ុណ្ណោះពីបាតុភូតអាកាសធាតុអែលនីណូ។ រដូវដាំដុះឆ្នាំ២០២៣-២០៣៤ រំពឹងថានឹងផ្តល់ទិន្នផលពី ៣៣ ទៅ ៣៤លានតោន កើនឡើង ២លានតោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលពីខែមករាដល់ខែកញ្ញា ប្រទេសថៃបានាំចេញអង្ករចំនួន ៦,០៨លានតោន កើនឡើង ១២% ធៀបនឹងឆ្នាំមុន។ ទោះយ៉ាងណា នៅឆ្នាំក្រោយ លោករំពឹងថា ការនាំចេញអង្កររបស់ថៃនឹងធ្លាក់ចុះមកនៅត្រឹម ៧,៥លានតោនវិញ ដោយសារឥណ្ឌាដែលជាប្រទេសនាំចេញច្រើនជាងគេក្នុងពិភពលោកបន្ធូរបន្ថយការហាមឃាត់ការនាំចេញ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕