(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសហការី ដើម្បីចូលជួបសម្ដែងការគួរសម ក៏ដូចជាដើម្បីពិភាក្សាការងារពាក់ព័ន្ធការនាំចូលសាច់បង្កកនៅលើទីផ្សារនៃកម្ពុជា។

តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងអំណរគុណដល់បណ្ឌិត និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានផ្ដល់ឱកាសឱ្យសមាគមបានជួបសម្ដែងការគួរសម និងលើកឡើងនូវកង្វល់ និងបញ្ហាប្រឈមនានា ដែលសមាគមកំពុងជួបប្រទះ។

តំណាងសមាគមបានជម្រាបអំពីសាវតានៃការបង្កើតសមាគម និងស្ថានភាពនៃការប្រកបរបរអាជីវកម្មបច្ចុប្បន្ន ក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ក្នុងនោះរួមមាន សមត្ថភាពក្នុងការផ្គត់ផ្គង់ក្នុងស្រុក, តម្លៃលក់នៅលើទីផ្សារ, និងបញ្ហានៃការកើនឡើងថ្លៃដើមក្នុងការចិញ្ចឹមសត្វ។ ទន្ទឹមនេះ តំណាងសមាគមក៏បានស្នើសុំឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់វិធានការមួយចំនួន ក្នុងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលសាច់បង្កក ពីបរទេសមកកម្ពុជា ក្នុងន័យដើម្បីការពារ និងគាំទ្រដល់សកម្មភាពចិញ្ចឹមសត្វក្នុងប្រទេស។

បណ្ឌិត គុណ ញឹម បានគូសរំលេចនូវការងារ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុវត្តកន្លងមកក្នុងការទប់ស្កាត់សាច់បង្កកខុសច្បាប់ រួមមាន ការបង្ក្រាបផលិតផលសាច់ និងគ្រឿងក្នុងបង្កកខូចគុណភាព ដែលនាំចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់, ការចុះត្រួតពិនិត្យអនុលោមភាព នៅតាមបណ្ដាឃ្លាំងរក្សាទុកសាច់បង្កក, កិច្ចសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម ក្នុងការត្រួតពិនិត្យគុណភាពសាច់បង្កក ជាដើម។

លោកបណ្ឌិតបានស្វាគមន៍ នូវសំណើវិធានការមួយចំនួន ដែលសមាគមបានស្នើមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងបានជម្រាបសមាគម អំពីទិសដៅការងារបន្តពាក់ព័ន្ធនឹងការគ្រប់គ្រងការនាំចូលសាច់បង្កក តាមរយៈការចូលរួមកែសម្រួលខ្លឹមសារអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ និងការកំណត់មាត់ច្រក ដែលអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូកបង្កក និងផលិតផលមានដើមកំណើតពីសត្វមួយចំនួន ក៏ដូចជាការកំណត់លក្ខខណ្ឌតម្រូវមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ស្របតាមប្រសាសន៍ណែនាំរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបណ្ឌិតក៏បានស្នើឱ្យសមាគម ផ្ដល់កិច្ចសហការជិតស្និតជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តការងារទាំងនេះ ជាពិសេសក្នុងការតាមដានវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តវិធានការនានា ដែលនឹងដាក់ចេញនាខាងមុខនេះ៕