(ហាងចូវ)៖ ក្រុមហ៊ុន Alibaba Group នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានលុបចោលផែនការផ្តាច់អាជីវកម្មកុំព្យូទ័ខ្លោដរបស់ខ្លួន ដោយលើកឡើងពីភាពមិនច្បាស់លាស់ដែលបង្ករឡើងដោយការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិដែលប្រើប្រាស់ក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការប្រកាសនេះធ្វើឡើងស្របគ្នានឹងការប្រកាសប្រាក់ចំណូលក្នុងត្រីមាសទី២ ពីក្រុមពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិនមួយនេះ ដែលកាលពីខែមីនាបានបង្ហាញផែនការបំបែកអាជីវកម្មខ្លោដឱ្យក្លាយជាក្រុមហ៊ុនឯករាជ្យមួយ ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត ២៤ឆ្នាំរបស់ខ្លួន។

ក្រុមហ៊ុន Alibaba Group ក៏បានផ្អាកផែនការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងរបស់អាជីវកម្មលក់រាយទំនិញ Freshippo របស់ខ្លួនផងដែរ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុននឹងរៀបចំការប្រមូលប្រាក់ពីខាងក្រៅសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មឌីជីថលអន្តរជាតិរបស់ខ្លួន។

អាជីវកម្មផ្នែកដឹកជញ្ជូន Cainiao របស់ក្រុមហ៊ុន Alibaba Group បានដាក់ពាក្យសុំចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារហ៊ុនក្រុងហុងកុងក្នុងខែកញ្ញា។

ភាគហ៊ុនដែលបានចុះបញ្ជីនៅអាមេរិករបស់ក្រុមហ៊ុន Alibaba Group បានធ្លាក់ចុះ ៨,៤ភាគរយនៅក្នុងការជួញដូរមុនទីផ្សារនៅថ្ងៃព្រហស្បតិ៍។

លោក Thomas Hayes ប្រធានមូលនិធិការពារហានិភ័យនៃក្រុមហ៊ុន Great Hill Capital បាននិយាយនៅលើបណ្តាញសង្គម X ថា៖ «ទីផ្សារមិនចូលចិត្តរឿងភ្ញាក់ផ្អើលនោះទេ»។ លោកមានប្រសាសន៍ថា៖ «វិនិយោគិនសង្ឃឹមថានឹងទទួលបានភាគហ៊ុនដាច់ដោយឡែកពីអាជីវកម្មខ្លោដ ដោយសង្ឃឹមថាអាជីវកម្មនេះអាចសម្រេចបានតម្លៃទីផ្សារខ្ពស់ដោយសារសក្តានុពលកំណើនរបស់វា»

កាលពីខែមីនា អ្នកវិភាគបានប៉ាន់ប្រមាណថា អាជីវកម្មខ្លោដរបស់ក្រុមហ៊ុន Alibaba Group អាចមានតម្លៃចន្លោះពី ៤១ ទៅ ៦០ពាន់លានដុល្លារ ប៉ុន្តែបានព្រមានថា ការចុះបញ្ជីលក់ភាគហ៊ុនរបស់អាជីវកម្មនេះអាចទាក់ទាញឱ្យមានការត្រួតពិនិត្យខ្លាំងពីនិយតករចិន និងនិយតករក្រៅប្រទេសដោយសារទិន្នន័យដ៏ធំដែលអាជីវកម្មនេះគ្រប់គ្រង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕