(សានហ្រ្វានស៊ីស្កូ)៖ ក្រុមហ៊ុនផលិតប្រេងដ៏ធំរបស់អាមេរិក Exxon Mobil គ្រោងវិនិយោគទឹកប្រាក់រហូតដល់ ១៥ពាន់លានដុល្លារក្នុងគម្រោងគីមីឥន្ធនៈ និងរោងចក្រចាប់យកកាបូននិងស្តុកកាបូន (CCS) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រកាសនេះធ្វើឡើងដោយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីនៅក្នុងសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍។

បើមានការវិនិយោគមែន រោងចក្រនេះនឹងក្លាយជារោងចក្រ CCS ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Joko Widodo បានជួបជាមួយលោក Darren Woods ប្រធានក្រុមហ៊ុន Exxon ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង San Francisco សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

នៅដើមសប្តាហ៍នេះ ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយជាមួយអង្គភាព មួយរបស់ក្រុមហ៊ុន Exxon ដើម្បីស្វែងរកការវិនិយោគនៅក្នុងគម្រោងគីមីឥន្ធនៈនៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីផលិតសារធាតុប៉ូលីម៊ែរ។

ក្រុមហ៊ុន Exxon និងក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូណេស៊ី Pertamina ក៏បានយល់ព្រមវាយតម្លៃការវិនិយោគលើរោងចក្រ CCS ដោយប្រើប្រាស់អាងក្រោមដីពីរនៅក្នុងសមុទ្រជ្វា ដែលគម្រោងនេះអាចមានទឹកប្រាក់ចំនួន ២ពាន់លានដុល្លារអាមេរិក។

លោកស្រី Carole Gall ប្រធានក្រុមហ៊ុន Exxon Mobil Indonesia បានមានប្រសាសន៍ថា៖ «ឱកាសទ្រង់ទ្រាយធំទាំងនេះអាចជំរុញកំណើនឧស្សាហកម្មប្រកបដោយនិរន្តរភាព និងការដកកាបូនិកបានយ៉ាងច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ»

ក្រុមហ៊ុន Pertamina បានឱ្យដឹងថា រោងចក្រ CCS នឹងមានសក្តានុពលក្នុងការរក្សាទុកកាបូនឌីអុកស៊ីតយ៉ាងហោចណាស់ ៣ជីហ្គាតោន (៣ពាន់លានតោន) ដែលបញ្ចេញដោយឧស្សាហកម្មនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ឥណ្ឌូណេស៊ីចង់ប្រើប្រាស់អាងស្តុកប្រេងនិងឧស្ម័នដែលអស់សមត្ថភាពផលិតរបស់ខ្លួនសម្រាប់ការស្តុកទុកកាបូន ហើយកំពុងសិក្សាបញ្ចប់បទប្បញ្ញត្តិដែលនឹងអនុញ្ញាតឱ្យមានគម្រោងស្តុកទុកកាបូនពីបរទេសដើម្បីរក្សាទុកនៅក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕