(ភ្នំពេញ)៖ កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករជាលើកដំបូងទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ​ ក្នុងបរិមាណចំនួន ៤.០០០ តោននាពេលដ៏ខ្លីខាងមុខនេះ ដែលការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ ជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងរវាងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រលេស្តេ (National Logistic center)។

។ នេះបើ​ការឱ្យដឹងពីលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News ​នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ ​ដំណើរការនៃការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសប្រទេសទីម័រលេស្តនេះ គឺកើតចេញពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនាការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេចធិបតី តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានកាន់តែច្រើន ជាក់ស្ដែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់។

​ស្ថិតក្រោមទស្សនៈវិស័យដ៏វែងឆ្ងាយ ត្រឹមត្រូវរបស់សម្ដេចធិបតី​ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការបានរៀបចំការធ្វើប្រជុំពិភាក្សារជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយលោក Anibal Carvalho Martinez តំណាងជាន់ខ្ពស់ មកពីក្រសួងកិច្ចការសេដ្ឋកិច្ច និងសហការីមកពីមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រលេស្ត (National Logistic center) ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរហូតឈានដល់ការចុះកិច្ចសន្យាទិញ-លក់ និងគ្រោងធ្វើការនាំចេញនាពេលខាងមុខនេះក្នុងបរិមាណចំនួន ៤.០០០ តោន។

លោក​ស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​បានជំរុញ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យខិតខំបំពេញការងារ និងបន្តសកម្មភាពនេះ ដើម្បីជំរុញការនាំចេញអង្ករ ដែលនឹងឈានទៅរកការបើកច្រកទីផ្សារថ្មីៗទៀត។

លោក​ស្រី បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាមានភាពប្រកួតប្រជែង ដែលមានការលើកទឹកចិត្តផ្នែកពន្ធដារ ដោយលើកលែងពន្ធគ្រប់ប្រភេទ និងអាករ ដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ តាំងពីឆ្នាំ ២០១១ ហើយបានបន្តជូនរយៈពេល ៥ ឆ្នាំបន្ថែមទៀតសម្រាប់សហគ្រាសដែលអស់អាណត្តិ។

សម្រាប់ក្រសួងពាណិជ្ជកម្ម បានខិតខំជំរុញ និងបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលដែលកែច្នៃចេញអំពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រៀមព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់ អារ៉ាប់រួម។

លោក​ស្រីបន្តថា​ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មកំពុងចរចា រៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណកើនឡើង ២០% បន្ថែមទៀត សម្រាប់ឆ្នាំ ២០២៣ - ២០២៤ ផងដែរ។

លោកស្រី ក៏បានបង្ហាញអំពីគោលជំហរគាំទ្រដល់ផែនការនៃការពង្រីកទីផ្សារអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសផ្សេងៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ ដោយលោកស្រី បានផ្តល់អនុសាសន៍បន្ថែម រួមមាន៖

* ក្រុមហ៊ុនហ្គ្រីនត្រេដរួមគ្នាជាមួយសហព័ន្ធស្រូបអង្ករកម្ពុជា និងអ្នកនាំចេញទាំងអស់ត្រូវបន្តកិច្ចសហការជាប្រចាំជាមួយអ្នកនាំចូល លើការរួមគ្នាផ្សព្វផ្សាយអង្ករកម្ពុជានៅទីផ្សារប្រទេសដើម្បីជំរុញ និងបង្កើន តម្រូវការ ការកែប្រែឥរិយាបទអតិថិជនឱ្យទទួលយកនូវអង្ករកម្ពុជាឱ្យកាន់តែច្រើន។

* ស្នើសុំភាគីប្រទេសទីម័រលេស្តេ ជួយលើកទឹកចិត្តដល់អ្នកវិនិយោគ ក៏ដូចអ្នកនាំចូលអង្ករឱ្យមកវិនិ​យោគ និងទទួលការនាំចូលអង្ករកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ព្រោះថាអង្ករកម្ពុជា មានរសជាតិឆ្ងាញ់ និងជាអង្ករដែលឈ្នះពានរង្វាន់ពិភពលោកចំនួន ៥ ដង ហើយដែលទើបតែទទួលបានមេដាយមាស ចំពោះប្រភេទអង្ករសែនក្រអូប ដែលបានធ្វើឡើងនៅប្រទេសចិនថ្មីៗនេះ។

* គ្រប់អនុព័ន្ធពាណិជ្ជកម្មទាំងអស់ ត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រ សម្រួលកិច្ចពាណិជ្ជកម្ម និងការផ្សព្វផ្សាយដើម្បីឱ្យទីផ្សារអង្ករកម្ពុជាកាន់តែរីកធំឡើង។

សូមជម្រាបថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ៕