(ភ្នំពេញ)៖ អ្នកដំណើរតាមផ្លូវអាកាសនៅអាកាសយានដ្ឋានសៀមរាបអង្គរបានកើនឡើងបន្តបន្ទាប់ ដោយបានកើនឡើងពី២៦០០នាក់ក្នុងមួយថ្ងៃទៅ៤០០០នាក់ក្នុងមួយថ្ងៃ ដែលបង្ហាញពីកំណើនភ្ញៀវយ៉ាងល្អប្រសើរនៅខេត្តសៀមរាប។ នេះបើតាមការឱ្យដឹងពី​ លោក ស៊ិន ចាន់សេរីវត្ថា អនុរដ្ឋលេខាធិការ និងជានាំពាក្យអាកាសចរស៊ីវិល ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ ការហោះហើរជាមធ្យមនៅអាកាសយានដ្ឋានសៀមរាបអង្គរមានចំនួន៤៤ជើង(ទ្វេទិស)ក្នុងមួយថ្ងៃ ដោយភាគច្រើនហោះហើរពីតំបន់អាស៊ាន និងប្រទេសចិន។

ជាមួយគ្នានេះ លោកកត់សម្គាល់ថា ការហោះហើរត្រលប់មកវិញគឺមានកំណើនមធ្យម និងទទួលបានភ្ញៀវចម្រុះជាតិសាសន៍ ក្នុងនោះមកពីប្រទេសក្នុងតំបន់អាស៊ានច្រើនជាងគេមានរហូតដល់៧២% និងតំបន់អឺរ៉ុប ២៨%។

​សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ដែលធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរមានចំនួន៩ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១។

លោក ស៊ិន ចាន់សេរីវត្ថា រំពឹងថា ​ក្រុមហ៊ុនអាកាសចរណ៍ដែលធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរនឹងកើនដល់១០ក្រុមហ៊ុននៅក្នុងរដូវកាលនេះ (Winter 2023) នៅសប្តាហ៍បន្តបន្ទាប់ៗខាងមុខ៕