(ភ្នំពេញ)៖ អ្នកវិនិយោគជនជាតិជប៉ុននៅកម្ពុជា លើវិស័យធនាគារ និងហិរញ្ញវត្ថុ បានបង្ហាញការជឿជាក់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដោយសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តរីកចម្រើន និងបានបង្ហាញឆន្ទៈថា នឹងនៅតែបន្តពង្រីកជាបន្តបន្ទាប់ នូវទំហំនៃការបណ្តាក់ទុនអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ឲ្យរឹងមាំនាពេលអនាគតបន្ថែមទៀត។

លោក Koizumi Yusuke ជំនួយការអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានលើកឡើងថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ជួបប្រឈមការលំបាកខ្លះ នាពេលកន្លងមក ដោយសារតែវិបត្តិកូវីដ១៩ និង វិបត្តិសេដ្ឋកិច្ចសាកលក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មានយន្តការច្បាស់លាស់ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន រហូតដល់ពេលនេះ។

លោកបានបន្តថា ជាការកត់សម្គាល់ វិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏រក្សាបាននូវលំនឹងដែលធ្វើឲ្យអ្នកវិនិយោគនៅក្នុងវិស័យនេះ មានទំនុកចិត្ត បន្ថែមការបណ្តាក់ទុន។ លោកថ្លែងបែបនេះ ក្នុងកម្មវិធីលៀងសាយភោជន ដើម្បីថ្លែងអំណរគុណចំពោះដៃគូរសហការ និងស្ថាប័នដែលពាក់ព័ន្ធ ដែលតែងតែគាំទ្រ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី កន្លងមក។

លោក Kawai Kazunori អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ក៏បានបង្ហាញភាពជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តជំនះការលំបាកនេះ និងកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបន្តថា បច្ចុប្បន្ន គ្រឹះស្ថានកំពុងពង្រីកទំហំអាជីវកម្មរបស់ខ្លួន និងអភិវឌ្ឍន៍ផលិតផលដែលមានដូចជា ការបង់រំលស់រថយន្ត ការបង់រំលស់ម៉ូតូ ការបង់រំលស់គ្រឿងអេឡិចត្រូនិច ការបង់រំលស់គ្រឿងយន្តកសិកម្ម ការបង់រំលស់ដីធ្លី និង កម្ចីរហ័ស ជាដើម ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យហិរញ្ញវត្ថុ ឲ្យកាន់តែប្រសើរឡើង។

បច្ចុប្បន្នគ្រឹះស្ថាន មានសាខាសរុបចំនួន២៩សាខា ដែលមានបុគ្គលិកចំនួន៦០០នាក់ អតិថិជនដែលបានប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថាន មកដល់បច្ចុប្បន្ននេះមានចំនួនលើសពី៣៥ម៉ឺននាក់ និងសមតុល្យកម្ចីសរុបចំនួន៣០០លានដុល្លារ៕