(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងនិយ័តករបរធនបាលកិច្ច នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីបណ្តុះបណ្តាល «ជជែកអំពីបរធនបាលកិច្ច» យន្តការសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយទំនុកចិត្ត ក្រោមអធិបតីភាព អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោក សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច។

អ្នកឧកញ៉ា លី ហួរ បានថ្លែងថា វគ្គបណ្ដុះបណ្ដាលពីបរធនបាលកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចឱ្យមានប្រសិទ្ធភាព និងភាពរស់រវើក ក៏ដូចជាការចូលរួមក្នុងការលើកកម្ពស់យល់ដឹងជាសាធារណៈលើវិស័យបរធនបាលកិច្ច ដើម្បីបញ្រ្ជាប និងលើកកម្ពស់ការយល់ដឹងលើវិស័យបរធនបាលកិច្ចនៅកម្ពុជា។

លើសពីនោះជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច ពីសំណាក់សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាធុរជន និងជាក្រុមហ៊ុនអ្នកវិនិយោគក្នុងវិស័យអភិវឌ្ឍន៍សំណង់ បុរី និងលំនៅឋាន ឱ្យមានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា លី ហួរ បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលពីបរធនបាលកិច្ចនេះ ក៏ស្របជាមួយគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាយើង ហើយក៏ស្របនឹងនិន្នាការបច្ចុប្បន្នភាព។

អ្នកឧកញ៉ាបន្តថា «ដោយបរធនបាលកិច្ច គឺសំដៅទៅលើការធានានូវជំនឿទុកចិត្ដដល់អ្នកវិនិយោគជាជនជាតិបរទេស ដោយធានាបានថាទ្រព្យដែលគាត់វិនិយោគ មានស្ថិរភាពយូរអង្វែង ប្រកបដោយសុវត្ថិភាព ពិសេសជនបរទេសអាចទិញ ឬវិនិយោគអចលនទ្រព្យដោយអាចដាក់ឈ្មោះខ្លួនបានតាមរយៈបរធនបាលកិច្ច។ ដូច្នេះវិនិយោគិនបរទេស កាន់តែមានភាពងាយស្រួលពេលដែលសមាគមរបស់យើងបានធ្វើការជាមួយបរធនបាលកិច្ច»

គួររម្លឹកថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងនិយ័តករបរធនបាលកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា» កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

តាមការបញ្ជាក់របស់លោក សុខ ដារ៉ា ក្នុងកម្មវិធីបណ្តុះបណ្តាល «ជជែកអំពីបរធនបាលកិច្ច» បានឱ្យដឹងថា បរធនបាលកិច្ច បានដាក់ឱ្យដំណើរដោយយន្ដការច្បាប់ ស្ដីពី បរធនបាលកិច្ច នៅពីឆ្នាំ២០១៩ ។បរធនបាលកិច្ចនេះ គឺសំដៅទៅដល់ចំណងគតិយុត្តិ ដែលក្នុងនោះម្ចាស់ទ្រព្យ ផ្ទេរទ្រព្យសម្បត្ដិទៅឱ្យបុគ្គលទី២ ដែលមានជំនាញ ចំណេះដឹង មានអាជ្ញាបណ្ណ ហើយធ្វើសកម្មភាពការងារប្រកបដោយវិជ្ជាជីវៈស្ថិតនៅក្រោមការត្រួតពិនិត្យឃ្លាំមើលពីបរធនបាលកិច្ចធ្វើការគ្រប់គ្រងចាត់ចែង រក្សាសុវត្ថិភាពជំនួសឱ្យម្ចាស់ទ្រព្យ​ ដើម្បីជាផលប្រយោជន៍ទៅដល់ម្ចាស់ទ្រព្យវិញ ឬទៅឱ្យបុគ្គលទី៣ទៅតាមការចង់បានរបស់ម្ចាស់ទ្រព្យ។

លោកបានបន្តថា «យន្ដការនេះ គឺមានការពេញនិយម និងមានសេចក្ដីត្រូវការឆ្លើយតបនៅលើទីផ្សារ ជាពិសេសគឺការវិយោគដោយប្រយោល ទៅលើវិស័យពាក់ព័ន្ធ រួមទាំងវិស័យអចលនទ្រព្យផងដែរ»

ជាងនេះទៅទៀតបរធនបាលកិច្ច មានសារៈមួយចំនួនក្នុងការចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើង គឺទី១៖ បង្កើតនូវថ្នាលទំនុកចិត្ដ ជាពិសេសរវាងភាគីពាក់ព័ន្ធទាំងអស់ រវាងម្ចាស់ទ្រព្យ អ្នកគ្រប់គ្រងថែរក្សាសុវត្ថិភាពជំនួស និងអ្នកទទួលផលប្រយោជន៍ពីការវិនិយោគ ទៅលើសកម្មភាព ឬសេដ្ឋកិច្ចពាក់ព័ន្ធ រួមទាំងវិស័យអចលនទ្រព្យ, ទី២៖ គឺជាយន្ដការមួយដែលស្របច្បាប់ ដោយបង្កើតនូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ព្រោះជាយន្ដការមួយមានការតាមដានត្រួតពិនិត្យទៅលើការអនុវត្ដសិទ្ធកាតព្វកិច្ចភាគីពាក់ព័ន្ធ គ្រប់ដំណាក់វិនិយោគ ពីចាប់ផ្ដើម រហូតដល់បញ្ចប់ និងទី៣៖ គឺការកាត់បន្ថយនូវហានិភ័យនៃប្រតិបត្ដិការ៕