(ក្រុងឡុងដ៍)៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្កើនការព្យាកររបស់ខ្លួនអំពីកំណើនតម្រូវការប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាចែកចាយនាពេលអនាគតបានឡើងថ្លៃ ២០សេន ឬ ០,២ភាគរយដល់ ៨២,៧២ដុល្លារក្នុងមួយបារ៉ែលនៅរសៀលថ្ងៃអង្គារ ខណៈដែលប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកក្នុងកិច្ចសន្យាចែកចាយនាពេលអនាគតបានឡើងថ្លៃ ២១សេន ឬ ០,៣ភាគរយដល់ ៧៨,៤៧ដុល្លារ។

ទីភ្នាក់ងារថាមពល IEA បានបង្កើនការព្យាកររបស់ខ្លួនអំពីកំណើនតម្រូវការប្រេងសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ បើទោះជាមានការរំពឹងទុកថានឹងមានការថមថយកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗស្ទើរតែទាំងអស់ក៏ដោយ។

ទីភ្នាក់ងារថាមពល IEA បានដំឡើងការព្យាករថា កំណើនតម្រូវការប្រេងនៅឆ្នាំ២០២៣ នឹងកើនឡើងដល់ ២,៤លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ពី ២,៣លានបារ៉ែលក្នុងមួយថ្ងៃ។ សម្រាប់ឆ្នាំ 2024 ទីភ្នាក់ងារនេះបានដំឡើងការព្យាករដល់ ៩៣០ ០០០ bpd ពី ៨៨០ ០០០ bpd ។

អង្គការប្រទេសនាំចេញប្រេងឆៅ (OPEC) កាលពីថ្ងៃចន្ទបានស្តីបន្ទោសក្រុមឈ្មួញទិញលក់ប្រេងបែបកេងចំណេញតម្លៃថាជាអ្នកបង្កឱ្យប្រេងឆៅធ្លាក់ថ្លៃនាពេលថ្មីៗនេះ។ ក្រុមអ្នកផលិតប្រេងនេះបានដំឡើងការព្យាកររបស់ខ្លួនអំពីកំណើនតម្រូវការប្រេងពិភពលោកឆ្នាំ២០២៣ និងបានរក្សាការព្យាករខ្ពស់របស់ខ្លួនសម្រាប់ឆ្នាំ២០២៤។

លោក Tamas Varga អ្នកវិភាគ PVM Oil បានប្រាប់ទិភ្នាក់ងារព័ត៌មានរ៉យទ័រអំពីការព្យាកររបស់អង្គការ OPEC ថា៖ «ក្រុមប្រទេសផលិតប្រេងនេះមើលឃើញសេដ្ឋកិច្ចរឹងមាំដែលបណ្តាលឱ្យមានតម្រូវការប្រេងខ្លាំង មិនត្រឹមតែតម្រូវការប្រេងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែប្រេងនៅទូទាំងពិភពលោកផងដែរ»