(ញូវយ៉ក)៖ បណ្តាញទំនាក់ទំនងសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានខាតបង់ចំនួន ៧៣លានដុល្លារអាមេរិកចាប់តាំងពីបើកដំណើរការនៅដើមឆ្នាំ២០២២ មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បានប្រកាសពីការបើកដំណើរការភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមរបស់គាត់នៅក្នុងខែតុលា ឆ្នាំ២០២១ ដោយបាននិយាយថា បណ្តាញទំនាក់ទំនងសង្គមនឹងនឹង «ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ» ដូចជាក្រុមហ៊ុន Twitter និងក្រុមហ៊ុន Facebook ដែលកន្លងមកបានរារាំងគាត់មិនឱ្យប្រើបណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារដែលបានដាក់ទៅកាន់ទីផ្សារមូលបត្រដោយក្រុមហ៊ុន Digital World Acquisition Corp ដែលគ្រោងនឹងច្របាច់បញ្ចូលគ្នាជាមួយ Truth Social ថា ក្នុងឆ្នាំ២០២២ បណ្តាញ Truth Social បានបង្ហាញការខាតបង់ចំនួន ៥០លានដុល្លារអាមេរិក ជាមួយនឹងការលក់សុទ្ធមានត្រឹមតែ ១,៤លានដុល្លារប៉ុណ្ណោះ។ ភ្លែតហ្វមនេះបានខាតបង់ ២៣លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ ជាមួយនឹងការលក់សុទ្ធចំនួន ២,៣លានដុល្លារ។

យោងតាមឯកសារនេះបានឱ្យដឹងថា ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាគ្រប់គ្រងបណ្តាញសង្គមនេះបានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុនេះបង្កឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តដំណើរការទៅមុខទៀត។

ឯកសារដដែលនេះបានឱ្យដឹងថា៖ «ក្រុមហ៊ុន TMTG ជឿជាក់ថា វាអាចមានការពិបាកក្នុងការប្រមូលថវិកាបន្ថែមតាមរយៈប្រភពហិរញ្ញប្បទានបែបប្រពៃណី ប្រសិនបើមិនមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកការបញ្ចប់ការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Digital World»

ឯកសារដដែលនេះបានបន្តថា ក្រុមហ៊ុន TMTG ក៏បានលុបចោលមុខតំណែងជាច្រើននៅក្នុងខែមីនា ឆ្នាំនេះផងដែរ ហើយសកម្មភាពនេះបានកើតមានឡើងបន្ទាប់ពីមានការពិនិត្យមើលឡងវិញទៅលើនាយកដ្ឋានទាំងអស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខងារវីដេអូផ្សាយបន្តផ្ទាល់ និងក្រុមការងារររៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕